ក្រុមអ្នកជំនាញ៖ «សំឡេងពីឡុតបញ្ជាក់ថា យន្ដហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល ធ្លាក់ដោយសារ បញ្ហាចរន្តអគ្គិសនី និងអស់ប្រេងឥន្ធនៈ»
01-12-2016 11:45
(កូឡុំប៊ី)៖ ឧបករណ៍ថតសំឡេងនៅក្នុងប្រអប់ខ្មៅទំាងពីរ នៃយន្ដហោះដឹកកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense ដែលបានធ្លាក់នាថ្ងៃអង្គារ សប្តាហ៍នេះនៅតំបន់ភ្នំក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ក្រុមជំនាញបានស្តាប់ឮសំឡេងពីឡុត ស្រែកថា «យន្តហោះជួបញ្ហាចរន្តអគ្គិសនីហើយនិងអស់ប្រេងឥន្ធនៈ» ហើយក៏បង្ខំធ្វើការចុះចតនៅតំបន់ជំរាលភ្នំតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមឧបករណ៍ថតសំឡេងនៅក្នុងប្រអប់ខ្មៅ ពីឡុតយន្ដហោះនៃជើងហោះហើរ LAMIA flight 2933 បាននិយាយថា «ខ្លួនកំពុងបញ្ជាយន្ដហោះនៅរយៈកម្ពស់ ២,៧៤៣ម៉ែត្រ ហើយបន្ទាប់មកទៀតស្រាប់តែស្រែកឡើងថា «យន្ដហោះមានបញ្ហាអេឡិចត្រូនិច! អស់សាំងហើយ!»។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកស៊ើបអង្កេត មិនទាន់ប្រាកដនៅឡើយទេថា បញ្ហាអស់ប្រេងឥន្ធនៈ គឺជាមូលហេតុចម្បង ព្រោះថាចំងាយពីទីតាំងយន្ដហោះធ្លាក់ និងអាកាសយានដ្ឋានស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកក្រុមកីឡាក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense បានឆក់យកជីវិតមនុស្ស ៧១នាក់នៅក្នុងចំណោមអ្នកដំណើរ ៧៧នាក់ ខណៈ០៦នាក់ ផ្សេងទៀតនៅរស់រាន្តមានជីវិត៕