Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្វីលីពីន៖ «សហរដ្ឋអាមេរិកចូលចិត្តណាស់ដាក់បញ្ជាឱ្យគេធ្វើតាម ហើយបើគេមិនព្រម អាងអី ខ្ទប់ដង្ហើមអ្នកដ៏ទៃ»

29-11-2016 00:04

(ម៉ានីល)​៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានធ្វើការកត់សម្គាល់ឡើងវិញ ជុំវិញទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាទស្សនវិស័យស្ដីពីទំនាក់ទំនងទ្វេភាគី រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីន តោន ក្រោមរបបដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីហ្វីលីពីន រូបនេះ នៅតែរិះគន់ថាសហរដ្ឋអាមេរិក ចូលចិត្តដាក់បញ្ជា ឬលក្ខខណ្ឌឱ្យគេធ្វើតាម ហើយបើគេមិនព្រម អាងអីខ្ទប់ ដង្ហើមអ្នកដ៏ទៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ​Sputnik​ នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Russian Today លោក ឌូធើតេ បាននិយាយចំៗថា «បើសិនជនជាតិអាមេរិកម្នាក់មកអង្គុយក្បែរខ្ញុំ ខ្ញុំនឹងសួរគេថា៖ តើអ្នកចង់ឱ្យខ្ញុំអរគុណអ្នក សម្រាប់ការគ្រប់គ្រង ប្រទេសរបស់ខ្ញុំឬ? [......] ខ្ញុំពិតជាសោកស្ដាយ ដែលប្រធានាធិបតីហ្វីលីពីនមុនៗ គោរព និងធ្វើតាមអ្វីដែល ទីក្រុងវ៉ាស៊ីនតោន និយាយ ឬចង់បាន។ ជាងនេះទៅទៀត រាប់តាំងតែពី អតីតកាល រហូតមកទល់ពេល បច្ចុប្បន្ន សហរដ្ឋអាមេរិក ចូលចិត្តណាស់ខាង ដាក់បញ្ជា ឬលក្ខខណ្ឌឱ្យគេធ្វើតាម ហើយបើគេមិនព្រម អាងអី ខ្ទប់ខ្យល់អុកស៊ីសែនអ្នកដ៏ទៃ។ ក៏ប៉ុន្តែ ខ្ញុំមិនដូចជាពួកគាត់នោះទេ ហើយខ្ញុំនឹងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រ និងភាពឈឺចាប់នេះ»។

សូមជំរាបថា លោក ឌូធើតេ បានសារទរចំពោះជ័យជម្នះ របស់លោក ដូណាល់ ត្រាំ និងថែមទាំងសង្ឃឹមដែរថា ទំនាក់ទំនងហ្វីលីពីន-សហរដ្ឋអាមេរិ​ក អាចនឹងប្រសើរឡើងវិញ ក្រោមរដ្ឋាភិបាលថ្មីដឹកនាំដោយលោកត្រាំ៕