គ្រោះរញ្ជួយដីដ៏កក្រើកកំរិត ៧.០ រ៉ិចទ័រ វាយប្រហារមកលើប្រទេស អ៊ែលសាលវ៉ាឌ័រ នៃតំបន់អាមេរិកកណ្តាល
25-11-2016 09:36
(អាមេរិកកណ្ដាល)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៧.០រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃតំបន់អាមេរិកកណ្ដាល ខណៈខ្យល់ព្យុះ Hurricane Otto បានធ្វើដំណើរទៅដល់ឆ្នេរសមុទ្រ Caribbean នៃប្រទេស Nicaragua និង Costa Rica។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា មិនទាន់មានសេចក្ដីរាយការណ៍ណាមួយពីជនរងគ្រោះ ក៏ដូចជាការបំផ្លិច បំផ្លាញនៅឡើយទេបន្ទាប់ពីមានគ្រោះរញ្ជួយដីកំរិត ៧.០រ៉ិចទ័ររញ្ជួយចេញពីជម្រៅដី ៣៣គីឡូម៉ែត្រ ស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេស អ៊ែលសាលវ៉ាឌ័រ (El Salvador) នោះ។
គួរបញ្ជាក់ថាបើតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS អាជ្ញាធរ El Salvador ក៏បានប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ រីឯគ្រោះរញ្ជួយដីនេះគួរតែអាចញ័រទៅដល់តំបន់ Chalatenango, San Salvador, Cabanas និងតំបន់ San Miguel។ ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕