Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរថៃទទួលស្គាល់ជាលើកដំបូងថា ពលរដ្ឋរបស់ខ្លួនមួយចំនួន បានគាំទ្រក្រុម ISIS

24-11-2016 08:29

(បាងកក)៖ កាសែត Bangkok Post បានរាយការណ៍នៅថ្ងៃពុធនេះថា ប៉ូលិលថៃបានទទួលព័ត៌មានជាច្រើនពីប៉ូលិសអូស្ត្រាលី ស្ដីពីសកម្មភាពរបស់ក្រុម ISIS នៅ​ក្នុងប្រទេសថៃ ខណៈប៉ូលិសអូស្រ្ដាលីផ្ទាល់បានឱ្យដឹងថា ប្រជាជនថៃប្រមាណជា ១០០,​០០០នាក់ បានចូលមើលគេហទំព័រ ទាក់ទិននឹងក្រុម ISIS កាលពី ឆ្នាំ២០១៥។

ជុំវិញបញ្ហានេះដែរ អនុប្រធានប៉ូលិសថៃ លោក Srivara Ransibrahmanakul គូសបញ្ជាក់ថា អាជ្ញាធរថៃក៏ទទួលបានដំណឹងផងដែរថា ពលរដ្ឋរបស់ខ្លួនមួយចំនួន បានធ្វើដំណើរជាញឹកញាប់ទៅកាន់ប្រទេសស៊ីរី និងអ្នកខ្លះបានត្រឡប់មកស្រុកកំណើតវិញ ហើយក្នុងនោះភាគច្រើននៃអ្នកទាំងនេះ ដែលជាប់សង្ស័យមានទំនាក់ ទំនងជាមួយនឹងក្រុម ISIS គឺមានដើមកំណើត មកពីខេត្តភាគខាងត្បូង ប្រទេសថៃ ដូចជា ខេត្ត Songkhla, Satun, Trang និង ខេត្ត Phatthalung ជាដើម។
លោក Srivara Ransibrahmanakul បន្ថែមទៀតថា ប៉ូលិសថៃនឹងធ្វើការស៊ើបអង្កេតលើព័ត៌មានទទួលបាន ព្រមទំាងធ្វើរបាយការណ៍ដាក់ជូនរដ្ឋាភិបាល។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលអាជ្ញាធរថៃទទួលស្គាល់ថា ពលរដ្ឋថៃមួយចំនួនគាំទ្រក្រុម ISIS៕