Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្គាហ្សា៖ ភាពអត់ឃ្លានបានសម្លាប់មនុស្ស ១៥នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោង (Video inside)

22-07-2025 22:07

(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលហ្គាហ្សា បានប្រកាសនៅថ្ងៃអង្គារថា មនុស្ស ១៥នាក់ទៀត ដែលក្នុងនោះមានកុមារ ៤នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ការស្លាប់នេះបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារមូលហេតុនេះកើនឡើងដល់ ១០១នាក់ (ក្នុងនោះមានកុមារ ៨០នាក់) ចាប់តាំងពីខែមីនាមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

អាជ្ញាធរបានចាត់ទុកថា «ស្ថានភាពមនុស្សធម៌បន្តធ្លាក់ចុះយ៉ាងគំហុក ចំពេលដែលអ៊ីស្រាអែលបន្តបិទផ្លូវ» ដោយបានសង្កត់ធ្ងន់ថា ជនស៊ីវិលមួយចំនួនធំ ជាពិសេសកុមារ កំពុងរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារ UNRWA បានសរសេរនៅលើបណ្តាញសង្គម X ថា «ប្រជាជននៅហ្គាហ្សា... កំពុងដួលសន្លប់ដោយសារភាពអត់ឃ្លានធ្ងន់ធ្ងរ។ ពួកគេកំពុងត្រូវបានគេធ្វើឲ្យអត់អាហារ»។

គួរកត់សម្គាល់ផងដែរថា សមាគមវេជ្ជសាស្ត្រអ៊ីស្រាអែល (IMA) ដែលតំណាងឲ្យវេជ្ជបណ្ឌិតប្រមាណ ៩៥% នៅអ៊ីស្រាអែល ក៏បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យមានការអនុញ្ញាតឲ្យនាំចូលសម្ភារៈពេទ្យ និងជំនួយមនុស្សធម៌ជាមូលដ្ឋានចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ។ សមាគមបានបញ្ជាក់ថា ការធ្វើបែបនេះគឺតម្រូវដោយ «ក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងច្បាប់មនុស្សធម៌អន្តរជាតិ»។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញនៅថ្ងៃទី១៨ ខែមីនា ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៨,២៦៨នាក់ត្រូវបានសម្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កើនឡើងដល់ ៥៩,១០៦នាក់៕