Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ប្រកាសដកខ្លួនចេញពីអង្គការ UNESCO ម្តងទៀត ដោយចោទថាមានទំនោរប្រឆាំងអ៊ីស្រាអែល (Video inside)

22-07-2025 20:03

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNESCO ជាថ្មីម្តងទៀត ត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីបានចូលរួមវិញ ក្រោមហេតុផលថា អង្គការអន្តរជាតិមួយនេះមាន «ទំនោរប្រឆាំងអ៊ីស្រាអែល»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Tammy Bruce បានបញ្ជាក់ថា ការដកខ្លួននេះគឺដោយសារ UNESCO មានរបៀបវារៈ «ជំរុញឲ្យមានការបែកបាក់ផ្នែកសង្គម និងវប្បធម៌» ហើយជាពិសេសគឺការសម្រេចចិត្តទទួលស្គាល់ «រដ្ឋប៉ាឡេស្ទីន» ជាសមាជិក ដែលបានរួមចំណែកដល់ការរីករាលដាល នៃវោហាសាស្ត្រប្រឆាំងអ៊ីស្រាអែល។

គួរបញ្ជាក់ថា នេះគឺជាលើកទីបីហើយដែលសហរដ្ឋអាមេរិកចាកចេញពី UNESCO និងជាលើកទីពីរហើយក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានដកខ្លួនចេញម្តងរួចមកហើយក្នុងអាណត្តិទីមួយរបស់លោក មុនពេលដែលសហរដ្ឋអាមេរិកត្រឡប់មកចូលរួមវិញក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន។

ការសម្រេចចិត្តចាកចេញជាថ្មីនេះ នឹងចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៦។ ទោះជាយ៉ាងណា វាមិនបានធ្វើឲ្យមន្ត្រី UNESCO ភ្ញាក់ផ្អើលនោះទេ ដោយសារពួកគេបានរំពឹងទុកជាមុនរួចទៅហើយ៕