ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសតំបន់គ្រោះមហន្តរាយបន្ទាប់ពីជំនន់ទឹកភ្លៀង ខណៈមនុស្ស ១៩នាក់ស្លាប់ និង៩នាក់បាត់ខ្លួន (Video inside)
22-07-2025 19:30
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae Myung) បានប្រកាសស្រុកចំនួនប្រាំមួយជាតំបន់គ្រោះមហន្តរាយពិសេសនៅថ្ងៃអង្គារនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅផ្នែកខ្លះនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងមហាផ្ទៃ និងសុវត្ថិភាពបានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃអង្គារ មនុស្សប្រហែល ១៩នាក់បានស្លាប់, ៩នាក់កំពុងបាត់ខ្លួន និង ២,៥៤៩នាក់ទៀតកំពុងរស់នៅកន្លែងជម្លៀសបណ្តោះអាសន្ន។ លើសពីនេះ អាគារ និងសំណង់ប្រមាណ ៣,៧៧៦កន្លែង រួមមានផ្ទះសម្បែង ហាងទំនិញ និងរោងចក្រ ត្រូវការការសម្អាតទឹក ភក់ និងកម្ទេចកម្ទីផ្សេងៗ។
ការប្រកាសតំបន់គ្រោះមហន្តរាយពិសេសនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរអាចទទួលបានការគាំទ្រផ្នែករដ្ឋបាល និងហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីជួយដល់ជនរងគ្រោះ។
គួរបញ្ជាក់ថា មុនការប្រកាសនេះ លោកប្រធានាធិបតីបានបញ្ជាឲ្យមន្ត្រីសាធារណៈ «ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព» ក្នុងការស្វែងរកអ្នកបាត់ខ្លួន។ ទោះជាយ៉ាងណា អត្រាគាំទ្ររបស់លោកបានធ្លាក់ចុះមកនៅត្រឹម ៦២.២% នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងក្នុងអំឡុងពេលមានគ្រោះទឹកជំនន់នេះ៕