EU ព្រមានចាត់វិធានការគ្រប់ប្រភេទ ប្រសិនបើអ៊ីស្រាអែលមិនគោរពកិច្ចសន្យាអំពីជំនួយនៅហ្គាហ្សា (Video inside)
22-07-2025 19:09
(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស (Kaja Kallas) បានព្រមាននៅថ្ងៃអង្គារនេះថា ជម្រើសទាំងអស់នឹងត្រូវបានពិចារណា ប្រសិនបើអ៊ីស្រាអែលមិនគោរពតាមកិច្ចសន្យារបស់ខ្លួន ក្នុងការសម្រួលជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសារមួយ លោកស្រី កាឡាស បានសរសេរថា «ការសម្លាប់ជនស៊ីវិលដែលកំពុងស្វែងរកជំនួយនៅហ្គាហ្សា គឺជារឿងដែលមិនអាចទទួលយកបាន»។ លោកស្រីបានបន្ថែមថា លោកស្រីបានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ដើម្បីរំលឹកពីកិច្ចព្រមព្រៀងគ្នាជុំវិញលំហូរជំនួយ និងបានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវតែបញ្ឈប់ការសម្លាប់មនុស្សនៅទីតាំងចែកជំនួយ។
«ជម្រើសទាំងអស់នឹងនៅតែមាន ប្រសិនបើអ៊ីស្រាអែលមិនគោរពតាមកិច្ចសន្យារបស់ខ្លួន» លោកស្រី កាឡាស បានសង្កត់ធ្ងន់។
គួរបញ្ជាក់ថា ការព្រមាននេះកើតឡើងបន្ទាប់ពីប្រទេសលោកខាងលិចចំនួន ២៤ បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាបន្ទាន់ និងបានរិះគន់អ្វីដែលពួកគេហៅថាជា «ការសម្លាប់ដោយអមនុស្សធម៌» លើប្រជាជនប៉ាឡេស្ទីន។ ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីស្រាអែលបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា «មិនឆ្លុះបញ្ចាំងពីការពិត»។ សង្គ្រាមដែលអូសបន្លាយ ២១ខែមកនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៩,០០០នាក់៕