Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុប អាចនឹងបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញនៅសប្តាហ៍ក្រោយ

20-07-2025 20:57

(តេអេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអាទិត្យថា អ៊ីរ៉ង់ និងក្រុមប្រទេសអឺរ៉ុបទាំងបី (E3) រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ អាចនឹងបើកកិច្ចចរចានៅសប្តាហ៍ក្រោយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

ការចរចានេះកើតឡើងបន្ទាប់ពីក្រុម E3 បានព្រមានថា ពួកគេនឹងប្រើប្រាស់យន្តការ «snapback» ដើម្បីដាក់ទណ្ឌកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិឡើងវិញនៅចុងខែសីហា ប្រសិនបើកិច្ចចរចាមិនត្រូវបានបន្ត ឬមិនមានលទ្ធផល។ ប្រភពដដែលបានបញ្ជាក់ថា គោលការណ៍នៃការចរចាត្រូវបានឯកភាពគ្នាហើយ ប៉ុន្តែពេលវេលា និងទីកន្លែងពិតប្រាកដនៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានក្រុម E3 ឲ្យបញ្ឈប់ការប្រើប្រាស់គោលនយោបាយគំរាមកំហែង និងដាក់សម្ពាធ ដោយអះអាងថា ពួកគេគ្មានមូលដ្ឋានច្បាប់ ឬសីលធម៌ក្នុងការប្រើប្រាស់យន្តការ «snapback» នោះទេ។

គួរបញ្ជាក់ថា ក្រុម E3 រួមជាមួយចិន និងរុស្ស៊ី គឺជាភាគីដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញក្នុងឆ្នាំ២០១៨។ មុនពេលសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់, កិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនបានជាប់គាំង ដោយសារតែភាគីទាំងពីរមានជំហរផ្ទុយគ្នាលើបញ្ហាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ខណៈដែលអ៊ីរ៉ង់អះអាងថា សកម្មភាពនេះធ្វើឡើងសម្រាប់គោលបំណងស៊ីវិល មហាអំណាចលោកខាងលិចចង់ឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពនេះទាំងស្រុង ដើម្បីកាត់បន្ថយហានិភ័យនៃការផលិតអាវុធនុយក្លេអ៊ែរ៕