មួយខែក្រោយសង្គ្រាម អ៊ីរ៉ង់ប្រកាសជំនួសរួចរាល់ នូវប្រព័ន្ធការពារដែនអាកាសដែលរងការខូចខាត ដោយប្រើប្រាស់ធនធានក្នុងស្រុក
20-07-2025 20:20
(តេអេរ៉ង់)៖ មន្ត្រីយោធាអ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់ បានប្រកាសកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានជំនួសរួចរាល់ហើយ នូវប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលរងការខូចខាត ក្នុងអំឡុងពេលជម្លោះជាមួយអ៊ីស្រាអែលកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
លោក Mahmoud Mousavi ដែលជាមន្ត្រីប្រតិបត្តិការរងនៃកងទ័ពអ៊ីរ៉ង់ បានទទួលស្គាល់ថា «ពិតណាស់ថា ប្រព័ន្ធការពារដែនអាកាសរបស់យើងមួយចំនួនត្រូវបានខូចខាត, នេះជាការពិតដែលយើងមិនអាចលាក់បាំងបាន។ ទោះជាយ៉ាងណា សហការីរបស់យើងបានប្រើប្រាស់ធនធានក្នុងស្រុក ដើម្បីជំនួសប្រព័ន្ធទាំងនោះដោយប្រព័ន្ធដែលបានត្រៀមទុកជាមុន ដែលត្រូវបានរក្សាទុកនៅទីតាំងយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខដែនអាកាសបន្តទៅទៀត»។
គួរបញ្ជាក់ថា ការប្រកាសនេះកើតឡើងបន្ទាប់ពីជម្លោះកាលពីខែមិថុនា ដែលកងទ័ពអាកាសអ៊ីស្រាអែលបានគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ និងបានបំផ្លាញប្រព័ន្ធការពារអាកាសរបស់ប្រទេសនេះយ៉ាងដំណំ។ មុនពេលសង្គ្រាម អ៊ីរ៉ង់មានប្រព័ន្ធការពារដែនអាកាស Bavar-373 ដែលផលិតក្នុងស្រុក បន្ថែមពីលើប្រព័ន្ធ S-300 ដែលផលិតដោយរុស្ស៊ី។ របាយការណ៍មិនបានបញ្ជាក់ពីការនាំចូលប្រព័ន្ធការពារដែនអាកាសពីបរទេសណាមួយក្នុងពេលថ្មីៗនេះទេ ដែលនេះសបញ្ជាក់ពីការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួនប្រើប្រាស់ធនធានក្នុងស្រុក៕