ប្រធានាធិបតីអាស៊ែបៃហ្សង់ ចង់ឱ្យរុស្ស៉ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ ដែលសម្លាប់មនុស្ស៣៨នាក់ កាលពីចុងឆ្នាំមុន (Video inside)
20-07-2025 16:31
(បាគូ)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ប្រធានាធិបតីនៃប្រទេសអាស៊ែបៃហ្សង់ លោក Ilham Aliyev បាននិយាយថា រូបលោកចង់ឱ្យរុស្ស៉ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះអ្នកដំណើររបស់អាស៊ែបៃហ្សង់១គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្តាច់ជីវិតមនុស្ស៣៨នាក់ ហើយដាក់ទោសជនទាំងឡាយ ដែលជាអ្នកទទួលខុសត្រូវទង្វើនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីពេលនោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានសុំទោសលោក Aliyev សម្រាប់អ្វីដែលលោក ពូទីន ហៅថា «ឧប្បត្តិហេតុគួរជាទីសោកស្តាយ» នៅលើប្រទេសរុស្ស៉ី ពោលគឺយន្តហោះដឹកអ្នកដំណើរ១គ្រឿងនៃអាកាសចរណ៍ Azerbaijan Airlines បានធ្លាក់ បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានធ្វើសកម្មភាពបាញ់ទប់ទល់យន្តហោះដ្រូនអ៊ុយក្រែន។ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៉ី មិនបានទទួលស្គាល់ចំៗថា រុស្ស៉ីជាអ្នកដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ របស់អាស៊ែបៃហ្សង់ឡើយ។
ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Khankendi អំឡុងព្រឹត្តិការណ៍វេទិកាប្រព័ន្ធផ្សព្វផ្សាយសកល លោក Aliyev បានចោទប្រកាន់ទីក្រុងមូស្គូអំពីអសកម្មភាព ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះនោះ។ លោក Aliyev បាននិយាយដូច្នេះថា «ពួកយើងដឹងច្បាស់បំផុតថា អ្វីបានកើតឡើង ហើយយើងក៏អាចបញ្ជាក់ភស្តុតាងបានថែមទៀត។ មិនតែប៉ុណ្ណោះ យើងជឿជាក់ថា ក្រុមមន្រ្តីរុស្ស៉ីក៏ដឹងច្បាស់អំពីអ្វីដែលបានកើតឡើងដែរ។ ដូច្នេះសំណួរជាក់ស្តែង គឺតើហេតុអ្វីបានជាពួកគេមិនធ្វើអ្វី ដែលក្នុងនាមជាអ្នកជិតខាងប្រកបដោយការទទួលខុសត្រូវ គួរតែធ្វើ»។
លោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានបន្តថា ប្រទេសរបស់លោករំពឹងចង់ឱ្យរុស្ស៉ីទទួលស្គាល់ ឧបទ្ទវហេតុខាងលើជាសាធារណៈ និងដាក់ទោសជនទាំងឡាយដែលជាអ្នកទទួលខុសត្រូវ ហើយផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួសទាំងអស់ ព្រមទាំងសងថ្លៃខូចខាតយន្តហោះដែលត្រូវបានបំផ្លាញ។
គួរបញ្ជាក់ថា យន្តហោះជើងហោះហើរ J2-8243 ដែលមានគោលដៅចេញពីរដ្ឋធានី Baku របស់អាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny នៃតំបន់ Chechen របស់ប្រទេសរុស្ស៉ី បានធ្លាក់នៅក្បែរទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន ក្រោយប្តូរទិសដៅចេញពីភាគខាងត្បូងរុស្ស៉ីវិញ ជាទីដែលដ្រូនអ៊ុយក្រែនត្រូវរាយការណ៍ថា បានវាយប្រហារលើទីក្រុងមួយចំនួន។ មនុស្ស៣៨នាក់ ដែលស្ថិតនៅលើយន្តហោះនោះបានស្លាប់ ខណៈ២៩នាក់ បានរួចរស់ជីវិត៕