វៀតណាម៖ ក្រឡាប់ទូកទេសចរណ៍ នៅឈូងសមុទ្រ Halong បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ (Video inside)
19-07-2025 20:51
(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទូកទេសចរណ៍ផ្ទុកមនុស្សចំនួន ៥៣នាក់ រួមទាំងនាវិក ៥នាក់បានក្រឡាប់នៅឯឈូងសមុទ្រ Halong ប្រទេសវៀតណាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ដោយបានសម្លាប់មនុស្ស ៣នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ហេតុការណ៍នេះបានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះ Wipha បោកបក់ចូលសមុទ្រចិនខាងត្បូង ដោយនាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅក្នុងតំបន់នោះ។ កាសែតកងទ័ពប្រជាជនរាយការណ៍ថា ក្រុមជួយសង្គ្រោះរកឃើញអ្នកនៅមានជីវិតចំនួន ១២នាក់ និងសាកសពមនុស្ស ៣នាក់។ អាជ្ញាធរមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីភ្ញៀវទេសចរ ឬសញ្ជាតិរបស់ពួកគេនៅឡើយទេ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។
ឈូងសមុទ្រ Halong ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគឦសានទីក្រុងហាណូយ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនធ្វើដំណើរកម្សាន្តតាមទូកមួយយប់។
តាមការព្យាករ ព្យុះ Wipha ដែលជាព្យុះទីហ្វុងទីកម្រិត ៣ នឹងបោកបក់តាមឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាម នាដេីមសប្តាហ៍ក្រោយ។ ផលរំខានពីព្យុះក៏បានប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសផងដែរ ដោយជេីងហោះហេីរចូលមកអាកាសយានដ្ឋាន Noi Bai ចំនួន ៩ ត្រូវបង្វែរទៅចុះនៅអាកាសយានដ្ឋានផ្សេង ខណៈជើងហោះហើរចាកចេញចំនួន ៣ត្រូវបានផ្អាកបណ្តោះអាសន្ន៕