Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ប្ដឹងទារសំណង ១០ពាន់លានដុល្លារ ពី Wall Street Journal ជុំវិញការចុះផ្សាយរបាយការណ៍ Epstein

19-07-2025 14:48

(ញូវយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្ដឹងកាសែត Wall Street Journal និងក្រុមហ៊ុនមេរបស់កាសែតមួយនេះក្នុងនោះរួមមានទាំងលោក Rupert Murdoch ដែលជាថៅកែធំ ដោយទារសំណង ១០ពាន់លានដុល្លារ ជុំវិញការចុះផ្សាយថាលោក ត្រាំ ក្នុងឆ្នាំ២០០៣ បានផ្ញើសារជូនពរខួបកំណើតលោក Jeffrey Epstein ដែលមានបង្កប់នូវ អត្ថន័យផ្លូវភេទ និងការសម្ងាត់រវាងអ្នកទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការសហព័ន្ធមួយក្នុងតំបន់ Southern District of Florida ប្រឆាំងផ្សារភាគហ៊ុន Dow Jones ក្រុមហ៊ុន News Corp លោក Rupert Murdoch ព្រមានទាំងអ្នករាយការណ៍ព័ត៌មាន២នាក់របស់ Wall Street Journal ដោយចោទប្រកាន់ចុងចោទទាំងនេះថាបានបរិហារកេរ្តិ៍ និងធ្វើសកម្មភាពក្នុងចេតនាទុច្ចរិតដែល បណ្ដាលឱ្យរូបលោកខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ និងបំផ្លាញកិត្តិយសរបស់លោក។ មុននឹងដាក់ពាក្យប្ដឹង លោក ត្រាំ បានច្រានចោលសេចក្ដីរាយការណ៍របស់ Wall Street Journal និងបានព្រមានប្ដឹងលោក Rupert Murdoch ជាម្ចាស់ក្រុមហ៊ុន News Corp។ Dow Jones ដែលជាក្រុមហ៊ុនមេរបស់ Wall Street Journal គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន News Corp។ Dow Jones​ បាននិយាយកាលពីថ្ងៃសុក្រថាពួកគេនឹងតតាំងក្ដីជាមួយលោក ត្រាំ តាមផ្លូវច្បាប់។

គួរបញ្ជាក់ថា លោក Jeffrey Epstein គឺជាមហាសេដ្ឋី​អាមេរិក​​​ម្នាក់ជាប់ចោទ​ពីបទ​បំពាន​ផ្លូវភេទ​លើស្ត្រី​។ លោកបានស្លាប់ក្នុងពន្ធនាគារដោយការធ្វើអត្តឃាតក្នុងឆ្នាំ២០១៩។ ស្ត្រីជា ជនរងគ្រោះជាច្រើននាក់ មានខ្លះអាយុ១៤ឆ្នាំ បានដាក់ពាក្យប្ដឹងប្រឆាំងលោក Epstein ថាបានរំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ចផ្លូវភេទ ហើយលោកជាមនុស្សល្មោភកាម។ លោក Epstein កាលនៅរស់ជាមនុស្សចូលចិត្តរាប់អានមនុស្សល្បីៗ រួមទាំងអ្នកមានអំណាច និងអ្នកនយោបាយធំៗនៅសហរដ្ឋអាមេរិក ក្នុងនោះរួមមានលោក ត្រាំ និងលោក ប៊ីល គ្លីនតុន ជាដើម។

រដ្ឋបាលលោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធឱ្យបញ្ចេញឯកសារនៃសំណុំរឿងរបស់លោក Jeffrey Epstein ខណៈមានការលើកឡើងជាច្រើនថាក្រុមមនុស្សជំនិត និងអ្នកគាំទ្ររបស់ លោក ត្រាំ កំពុងព្យាយាមបិទបាំងទំនាក់ទំនងរបស់លោក Epstein ជាមួយពួកអ្នកមានលុយ និងមានអំណាចនៅអាមេរិក។ លោក ត្រាំ ដែលធ្លាប់ថតរូបជាមួយលោក Epstein ជាច្រើន លើកក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និង២០០០ បានប្រាប់អ្នកសារព័ត៌មានក្នុងឆ្នាំ២០១៩ ថាលោកបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយលោក Epstein តែតាំងពីមុនមានរឿងក្ដីក្ដាំប្រឆាំងលោក Epstein៕