អូស្ត្រាលី ប្រគល់រថក្រោះ Abrams ទៅឱ្យអ៊ុយក្រែន សម្រាប់សង្រ្គាមជាមួយរុស្ស៉ី (Video inside)
19-07-2025 11:54
(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដាថាខ្លួនបានប្រគល់រថក្រោះ M1A1 Abrams ទៅឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃកញ្ចប់ជំនួយ ១៦០លានដុល្លារ ដើម្បីជួយប្រទេសមួយនេះការពារខ្លួនប្រឆាំងនឹងសង្រ្គាមឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles អ៊ុយក្រែនទទួលបានភាគច្រើននៃរថក្រោះ៤៩គ្រឿង ដែលអូស្ត្រាលីសន្យាផ្ដល់ឱ្យ ខណៈរថក្រោះនៅសស់នឹងត្រូវប្រគល់ទៅឱ្យទីក្រុងកៀវ នៅប៉ុន្មានខែខាងមុខ។ លោក Richard Marles បន្ថែមថា M1A1 Abrams នឹងចូលរួម ចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងការឈ្លានពានពីរុស្ស៉ី។
គួរបញ្ជាក់ថា ក្រៅពីផ្ដល់អាវុធ អូស្ត្រាលីក៏បានហាមឃាត់ការនាំចេញមួយចំនួនដូចជារ៉ែអាលុយមីញ៉ូម និងបុកស៊ីត bauxite ទៅកាន់រុស្ស៉ីផងដែរ ហើយបានដាក់ទណ្ឌកម្ម លើបុគ្គល និងអង្គភាព ជាង១០០០៕