សហរដ្ឋអាមេរិក ប្រកាសពីបទឈប់បាញ់រវាងស៊ីរី និងអ៉ីស្រាអែល (Video inside)
19-07-2025 10:03
(WALGHA, ស៊ីរី)៖ សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា បាននិយាយថាខ្លួនបានសម្របសម្រួលឱ្យមានបទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងស៊ីរី ខណៈ ជម្លោះបានផ្ទុះឡើងជាថ្មី នៅក្នុងទីក្រុង Sweida ដែលជាមូលដ្ឋានរបស់ជនជាតិភាគតិច Druze គាំទ្រដោយអ៉ីស្រាអែល បន្ទាប់ពីអំពើហិង្សាដែលជំរុញឱ្យអ៉ីស្រាអែល ធ្វើអន្តរាគមន៍វាយប្រហារតាមផ្លូវអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ ជនជាតិភាគតិច Druze និង Bedouins។ អ៉ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារជាតិស៊ីរី ក្រោមហេតុផលដើម្បីការពារសហគមន៍ជនជាតិ Druze។
លោក Tom Barrack ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរី បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថាប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានឯកភាពគ្នាលើបទឈប់បាញ់មួយក្រោមការសម្របសម្រួលពី សហរដ្ឋអាមេរិក។ «យើងសូមអំពាវនាវឱ្យសហគមន៍ជនជាតិ Druze, Bedouins និង Sunnis ទម្លាក់អាវុធចុះ និងរួមគ្នាជាមួយសហគមន៍ជនជាតិភាគតិចដទៃទៀត ដើម្បីកសាងស៊ីរីថ្មីមួយដែលរួបរួមគ្នាក្នុងសន្តិភាព និងភាគរីកចម្រើនជាមួយប្រទេសជិតខាង»។ នេះជាការគូសបញ្ជាក់របស់លោក Tom Barrack ក្នុងការបង្ហោះមួយលើ បណ្ដាញទំនាក់ទំនងសង្គម X។
តាមលោក Tom Barrack បទឈប់បាញ់ខាងលើក៏ត្រូវបានគាំទ្រពីតួកគីយ៉េ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលលោក Sharaa រួមទាំងពីប្រទេសហ្ស៊កដានី ផងដែរ៕