មន្ត្រីហិរញ្ញវត្ថុ G20 ខិតជិតសម្រេចបានការឯកភាពរួម ទោះបីមានភាពតានតឹងរឿងពន្ធរបស់អាមេរិក (Video inside)
18-07-2025 20:34
(ឌើបាន)៖ មន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេស G20 នៅថ្ងៃសុក្រនេះ បានខិតជិតដល់ការព្រមព្រៀងលើជំហររួមមួយស្តីពីពាណិជ្ជកម្ម និងបញ្ហាប្រឈមសកលផ្សេងទៀត។ ប្រសិនបើសម្រេចបានមែន នេះនឹងជាលើកដំបូងហើយដែលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនេះ អាចរកបានសំឡេងរួម ចាប់តាំងពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ និងសង្គ្រាមពន្ធរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំនេះ ដែលរៀបចំឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេមើលឃើញថាជាសមិទ្ធផលមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីខែកុម្ភៈបានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួម។ មន្ត្រីជាច្រើនបានសម្តែងសុទិដ្ឋិនិយមថា កិច្ចប្រជុំលើកនេះនឹងមានលទ្ធផលវិជ្ជមាន។
គួរបញ្ជាក់ថា ឧបសគ្គដ៏ធំមួយគឺការស្វែងរកភាសាដែលសហរដ្ឋអាមេរិកអាចទទួលយកបាន ជាពិសេសពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងអាកាសធាតុ។ មន្ត្រីមួយចំនួនបានបង្ហើបថា ឯកសាររួមអាចនឹងសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃពាណិជ្ជកម្មសេរី ដោយមិនថ្កោលទោសពន្ធនាំចូលដោយផ្ទាល់ ហើយអាចនឹងប្រើពាក្យ «ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ» ជំនួសពាក្យ «ការប្រែប្រួលអាកាសធាតុ» ដើម្បីសម្របសម្រួល។
បញ្ហាប្រឈមមួយទៀត គឺអវត្តមានរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent នៅក្នុងកិច្ចប្រជុំនេះ។ ទោះយ៉ាងណា មន្ត្រីដទៃទៀតបានអះអាងថា ភាគីអាមេរិកនៅតែចូលរួមក្នុងការពិភាក្សា៕