បទវិភាគ៖ សេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ តើសមិទ្ធផលដ៏ល្អបែបនេះមកពីណា?
18-07-2025 16:29
(ប៉េកាំង)៖ នៅថ្ងៃទី១៥ ខែកក្កដា រដ្ឋាភិបាលចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចចិនប្រចាំឆមាសទីមួយនៃឆ្នាំ ២០២៥ ។ ទិន្នន័យបានបង្ហាញថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិមានស្ថិរភាពជាទូទៅ និងឆ្ពោះទៅរកនិន្នាការល្អប្រសើរ។ តាមការគណនាជា ជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆមាសទីមួយនៃឆ្នាំនេះ មានចំនួនលើសពី ៦៦ ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។ ព្រមពេលជាមួយគ្នានេះ មជ្ឈដ្ឋានមតិអន្តរជាតិបាននាំគ្នាវាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ចិន ដោយប្រើពាក្យពេចន៍ដូចជា "កំណើនលើសពីការរំពឹងទុក" "ទំហំនាំចេញនាំចូលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត" ជាដើម។
ប្រព័ន្ធសារព័ត៌មានបរទេសដូចជាទីភ្នាកងារសារព័ត៌មានរ៉យទ័រជាដើមបានលើកឡើងថា ក្រោមបរិបទដែលកំណើនសេដ្ឋកិច្ចពិភពលោក បានបង្អង់ល្បឿននិងសង្គ្រាមពាណិជ្ជកម្មបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិជាដើម សេដ្ឋកិច្ចរបស់ចិនក្នុងឆមាសទីមួយ នៃឆ្នាំនេះអាចទទួលបានសមិទ្ធផល ដ៏គួរឱ្យកត់សម្គាល់បែបនេះ គឺបានមកដោយមិនងាយទេ ។ ពេលថ្មីៗនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនបានដំឡើងការព្យាករណ៍ចំពោះ កំណើនសេដ្ឋកិច្ចចិនដែលបានបង្ហាញពីជំនឿចិត្ត របស់បណ្តាភាគីនានាចំពោះសេដ្ឋកិច្ចចិន។
ក្រៅពីទិន្នន័យអំពីកំណើនសេដ្ឋកិច្ច ឱកាសការងារ តម្លៃទំនិញនិងសមតុល្យនៃការទូទាត់អន្តរជាតិក៏ជាសូចនាករដ៏សំខាន់ សម្រាប់សង្កេតមើលស្ថានភាពដំណើរការនៃសេដ្ឋកិច្ចផងដែរ ។ ចាប់ពីចូលឆ្នាំនេះមក អត្រាបាត់បង់ការងាររបស់ប្រទេសចិន មានស្ថិរភាពជាមូលដ្ឋាន ថ្លៃទំនិញស្ថិតក្នុងចន្លោះតម្លៃទាបសមរម្យ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)របស់ប្រជាជនចិនសម្រេចបាន នូវការប្រែពីកំណើនអវិជ្ជមានទៅជាកំណើនវិជ្ជមានក្នុងខែមិថុនា ដែលបានកើនឡើង០,១ ភាគរយ ដោយឡែកសមតុល្យនៃការទូទាត់អន្តរជាតិមានតុល្យភាពជាមូលដ្ឋាន រូបិយប័ណ្ណបម្រុងរបស់ចិនមានចំនួនលើសពី ៣,២ ទ្រីលានដុល្លារអាមេរិក ។ល។ ប្រការទាំងនេះបានបញ្ជាក់ថា ទិសដៅការងារជាទូទៅនៃ "ការឆ្ពោះទៅរកស្ថិរភាព" របស់សេដ្ឋកិច្ចចិនគ្មានការកែប្រែទេ ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាន នូវគោលដៅពេញមួយឆ្នាំ។
ទន្ទឹមនឹងនេះ កម្លាំងចលករថ្មីបានកើនឡើងជាបន្តបន្ទាប់ ហើយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិនបានពន្លឿនការអភិវឌ្ឍ ។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៩,៥ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ហើយសមិទ្ធផលនៃការច្នៃប្រឌិតថ្មីជាច្រើន និងការរួមបញ្ចូលគ្នាខាងឧស្សាហកម្មបានជំរុញ ការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធ។
អ្វីដែលកាន់តែកម្រមាននោះគឺ ប្រឈមមុខនឹងសម្ពាធពីខាងក្រៅដូចជាសង្គ្រាមពន្ធគយជាដើម ទំហំនាំចេញនាំចូល ខាងពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនក្នុងឆមាសទីមួយ នៃឆ្នាំនេះមានចំនួន ២១,៧៩ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលនៅតែបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រដដែល ដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា។ អ្វីដែលគួរឱ្យលើកឡើងនោះគឺ សហគ្រាសទុនបរទេសនៅចិនបានក្លាយជាអ្នកចូលរួមដ៏សំខាន់ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ទំហំនាំចូលនាំចេញរបស់ សហគ្រាសទុនបរទេសនៅចិន បានកើនឡើង ២,៤ ភាគរយដែលសម្រេចបាន នូវកំណើនក្នុងរយៈពេល៥ត្រីមាសជាប់ៗគ្នា។
ប្រទេសចិនដែលបើកទូលាយកំពុងបង្កើតឱកាសថ្មី។ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដានេះ ពិព័រណ៍ ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី ៣ នឹងប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។ សហគ្រាសនិងស្ថាប័នចិននិងបរទេសសរុបចំនួន ៦៥០ នឹងចូលរួមពិព័រណ៍នេះ ក្នុងចំណោមនោះ សហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខ ផ្នែកឧស្សាហកម្មមានចំនួនលើសពី ៦៥ ភាគរយ ហើយអត្រាចូលរួមពិព័រណ៍លើកនេះនៃសហគ្រាសបរទេសឡើងដល់៣៥ ភាគរយ ។ល។ ទិន្នន័យដ៏គួរឱ្យកត់សម្គាល់មួយចំនួនអាចធ្វើឱ្យពិភពលោកជឿជាក់ថា នាពេលអនាគត ទីនេះនៅតែជា "ប្រភពស្ថិរភាព" សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិងជា "ទីផ្សារប្រកបដោយភាពទាក់ទាញ" សម្រាប់ចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ដដែល៕
វិទ្យុមិត្តភាពកម្ពុជាចិន