រូបអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ស្គមរីងរៃសល់តែឆ្អឹង ដែលចែកចាយព្រោងព្រាតពេញបណ្តាញសង្គម គឺជារូបភាពកាត់តក្លែងក្លាយ
18-07-2025 14:27
(ម៉ានីល)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការចែកចាយតៗគ្នា លើបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពមួយចំនួនរបស់អតីតប្រធានាធិបតីនៃប្រទេសហ្វីលីពីន គឺលោក Rodrigo Duterte ស្ថិតនៅឯមន្ទីរពេទ្យ និងមានរូបរាងស្គមរីងរៃខ្លាំងមែនទែនសល់តែឆ្អឹង ប៉ុន្តែក្រោយការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់ តាមពិតទៅ រូបភាពទាំងអស់នោះ សុទ្ធតែរូបក្លែងក្លាយដែលត្រូវបានកាត់ត និងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ។
ក្នុងចំណោមនោះ មានរូបភាពមួយបង្ហាញឱ្យឃើញ លោក Duterte ស្លៀកខោខ្លីពាក់អាវវាលក្លៀក កាន់កែវមួយអង្គុយលើរទេះរុញ នៅក្នុងមន្ទីរពេទ្យ ហើយមានរូបរាងស្គមយ៉ាងខ្លាំង សល់តែស្បែកដណ្តប់ឆ្អឹង។ រូបភាពនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បង្ហាញភាពភ្ញាក់ផ្អើលនិងជឿថាវាជារូបពិត ហើយពួកគេក៏នាំគ្នាបង្ហាញក្តីអាណិតអាសូរ និងជូនពរ លោក Duterte ឱ្យឆាប់មានសុខភាពល្អឡើងវិញ។
ក្រៅពីនេះ ក៏មានការចែកចាយរូបភាពកាត់តក្លែងក្លាយស្រដៀងគ្នាផងដែរអំពីលោក Duterte ដោយបង្ហាញឱ្យឃើញ លោកមានរាងស្គមស្គាំងខ្លាំង និងដេកឈឺធ្ងន់នៅមន្ទីរពេទ្យ។ កូនស្រីលោកផ្ទាល់ គឺអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ទើបតែបានចេញមុខច្រានចោលថា រូបភាពទាំងនោះ គឺជារូបមិនពិតឡើយ ហើយលោកស្រីបានបញ្ជាក់ថា ឪពុកលោកស្រី គឺស្ថិតក្នុងមន្ទីរឃុំឃាំង មិនមែននៅមន្ទីរពេទ្យទេ។ បើតាមលោកស្រី Sara Duterte និងអតីតភរិយាលោក Duterte លោកអតីតប្រធានាធិបតី បានស្រកទម្ងន់បន្តិច ប៉ុន្តែគឺមានសុខភាពល្អ មិនមែនស្គមរីងរៃខ្លាំង ដូចក្នុងរូបភាពកាត់តទាំងនោះទេ។
គួរបញ្ជាក់ថា លោក Rodrigo Duterte បានជាប់ឃុំឃាំងនៅពន្ធនាគារ Scheveningen របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេនៃប្រទេសហូឡង់ ចាប់តាំងតែពីថ្ងៃទី១១ ខែមីនា ក្រោយត្រូវបានចាប់ខ្លួននៅប្រទេសហ្វីលីពីន ជុំវិញបទចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ ICC ពាក់ព័ន្ធជាមួយសង្រ្គាមបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក។ គេបានឃើញលោក Duterte លើកចុងក្រោយ កាលពីថ្ងៃទី១៤ ខែមីនា នៅពេលលោកបង្ហាញមុខចំពោះតុលាការ ICC តាមប្រព័ន្ធវីដេអូអនឡាញ ចេញពីពន្ធនាគារ។ នៅថ្ងៃទី២៣ ខែកញ្ញា លោក Duterte ត្រូវបានកំណត់ថា នឹងចូលបង្ហាញខ្លួននៅ ICC ដោយផ្ទាល់៕