Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ដំណើរសំចតណាមួយរបស់មេដឹកនាំតៃវ៉ាន់ គឺជារឿងធម្មតា (Video inside)

18-07-2025 10:04

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បាននិយាយថានឹងមិនមានការផ្លាស់ប្ដូរណាមួយលើគោលនយោបាយរបស់ខ្លួនចំពោះតៃវ៉ាន់នោះទេ ទោះបីជាមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te អាចនឹងធ្វើដំណើរសំចតលើទឹកដីអាមេរិកក៏ដោយ នៅចំពោះមុខការព្រមានពីចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប៉ារ៉ាហ្កាយដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាមេរិកខាងត្បូងដែលបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ កាលពីថ្ងៃទី១៤ ខែកក្កដា បានទទួលស្គាល់ថា មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នឹងបំពេញទស្សនកិច្ចក្នុងខែសីហាខាងមុខ ដែលនេះមានន័យថាលោកនឹងត្រូវធ្វើដំណើរឆ្លងកាត់ និងឈប់សំចតលើទឹកដីអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce មិនបានទទួលស្គាល់ថាតើលោក Lai នឹងឈប់សំចតនៅអាមេរិក ឬក៏អត់នោះទេ តែចាត់ទុកថាវាជា រឿងធម្មតា។ «ដំណើរឈប់សំចតរបស់មន្ត្រីជាន់ខ្ពស់តៃវ៉ាន់នៅសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងមេដឹកនាំ (ប្រធានាធិបតី) គឺជាការអនុវត្តតាមទម្លាប់ធម្មតា ដូចកន្លងមក និងស្របទៅតាមគោលនយោបាយយូរអង្វែងមកហើយរបស់យើង»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Tammy Bruce ប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោកស្រីបន្តថាដំណើរឈប់សំចតបែបនេះធ្វើឡើងនៅក្រោមហេតុផលសុវត្ថិភាព ផាសុខភាព ភាពងាយស្រួល និងភាពថ្លៃថ្នូររបស់អ្នកដំណើរ។

គួរបញ្ជាក់ថា ក្រសួងការបរទេសចិនបានព្រមានទាំងប៉ារ៉ាហ្កាយ និងសហរដ្ឋអាមេរិកជុំវិញគម្រោងទស្សនកិច្ចរបស់លោក Lai ដោយនិយាយថាចិនជំទាស់នឹងរាល់ ដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់នៅសហរដ្ឋអាមេរិក មិនថាក្រោមទម្រង់ ឬហេតុផលអ្វីនោះទេ។ ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន និងគំរាមប្រើ កម្លាំងយោធាបង្រួបបង្រួមទឹកដីក្នុងករណីចាំបាច់។ សហរដ្ឋអាមេរិកវិញទទួលស្គាល់តែចិនប៉ុណ្ណោះ តែបន្តលក់អាវុធឱ្យតៃវ៉ាន់៕