Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ថាជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចយោធា (Video inside)

18-07-2025 09:35

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា បាននិយាយថាសៀវសថ្មីមួយស្ដីពីគោលនយោបាយការពារជាតិរបស់ជប៉ុន បានបង្ហាញថាជប៉ុនមានមហិច្ឆតា ចង់ក្លាយជាមហាអំណាចយោធាដ៏សំខាន់មួយ ដែលនេះមានន័យថាការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងគឺជារឿងត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មន្ត្រីម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើងទទួលបន្ទុកលើវិទ្យាស្ថានសម្រាប់ការសិក្សាពីជប៉ុន បានចាត់ទុកថាសៀវសរបស់ជប៉ុនដែលត្រូវបាន អនុម័តចេញផ្សាយក្នុងសប្ដាហ៍នេះ គឺជាសេណារីយ៉ូសង្រ្គាមមួយ ដើម្បីសម្រេចមហិច្ឆតារបស់តូក្យូសម្រាប់ការឈ្លានពានសាជាថ្មី។ មន្ត្រីនេះដដែលថែមអះអាងទៀតផងថាជប៉ុនកំពុងបង្កើន ភាពតានតឹងក្នុងតំបន់បន្តិចម្ដងៗ សំដៅប្រើវាជាលេសក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចយោធាមួយ។ ដូច្នេះសកម្មភាពយោធារបស់ជប៉ុនបានបង្ហាញថាកិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជារឿងត្រឹមត្រូវ និងមិនអាចខ្វះបានដើម្បីកំញើញទប់ស្កាត់ការបង្ករឿងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

គួរបញ្ជាក់ថា នៅក្នុងសៀវភៅសអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃទី១៥ ខែកក្កដា បាននិយាយថាការកើនឡើងសកម្មភាពយោធារបស់ចិន អាចនឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជប៉ុន ខណៈសកម្មភាពរបស់កូរ៉េខាងជើងបង្កការគំរាមកំហែងធ្ងន់ធ្ងរមិនធ្លាប់មាន និងបន្ទាន់ដល់សន្តិសុខជាតិជប៉ុន៕