Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អឺរ៉ុបព្រមានអ៉ីរ៉ង់ថានឹងអនុវត្តការដាក់ទណ្ឌកម្មឡើងវិញ បើគ្មានភាពរីកចម្រើនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Video inside)

17-07-2025 19:36

(ប៉ារីស)៖ ក្រុមមន្ត្រីការទូតកំពូលៗរបស់អឺរ៉ុប បានប្រាប់សមភាគីអ៉ីរ៉ង់របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដាថាអឺរ៉ុបនឹងអនុវត្តឡើងវិញនូវការដាក់ទណ្ឌកម្ម UN ប្រឆាំងតេហេរ៉ង់ ប្រសិនបើមិនមានភាពរីកចម្រើនលើកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសបារាំងបានឱ្យដឹងថា ប្រមុខទូតអឺរ៉ុបមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ពីការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការដំណើរឡើងវិញនូវយន្ដការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងអ៉ីរ៉ង់ ក្នុងករណីដែលមិនមានភាពរីកចម្រើនលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឱ្យបានមុនដំណាច់រដូវក្ដៅឆ្នាំនេះទេនោះ។ នៅបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែមិថុនា មានការសង្ស័យជាច្រើនអំពីស្ថានភាពកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។

នៅក្នុងលក្ខខណ្ឌមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញ បានអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់ មិនបានអនុវត្តតាមកិច្ចព្រមព្រៀង។ ក្រុមមន្ត្រីការទូតអឺរ៉ុបកំពុងស្វែងរកភាពរីកចម្រើននៅមុនដំណាច់ខែសីហាខាងមុខ ខណៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់នឹងត្រូវអស់សុពលភាព នៅខែតុលា ឆ្នាំនេះ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានជួបចរចាគ្នាដោយប្រយោលជាច្រើនជុំក្រោមការសម្របសម្រួលពីអូម៉ង់ ចាប់តាំងពីខែមេសា។ ប៉ុន្តែការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា និងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងខែដដែលបានបិទបញ្ចប់កិច្ចចរចានេះ។ ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែបង្ហាញពី ចេតនាចង់ត្រឡប់ទៅកិច្ចចរចាឡើងវិញ បើទោះជាតេហេរ៉ង់ទទូចថាខ្លួននឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរដោយសន្តិភាពក៏ដោយ៕