ការវាយប្រហាររបស់អ៊ីស្រាអែល បានរារាំងដល់បេសកកម្មស្វែងរកអាវុធគីមីរបស់ស៊ីរី (Video inside)
17-07-2025 20:20
(ដាម៉ាស)៖ មន្ត្រីស៊ីរីម្នាក់បានចោទប្រកាន់ថា ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើក្រុងដាម៉ាស កំពុងបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការស្វែងរក និងបំផ្លាញឃ្លាំងអាវុធគីមីដែលនៅសេសសល់ពីរបបដឹកនាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ibrahim Olabi ដែលជាទីប្រឹក្សាច្បាប់ទទួលបន្ទុកសំណុំរឿងនេះ បានពន្យល់ថា ក្រសួងការពារជាតិស៊ីរី ដែលជាគោលដៅមួយនៃការវាយប្រហាររបស់អ៊ីស្រាអែល គឺជាស្ថាប័នស្នូលដែលទទួលខុសត្រូវក្នុងការរៀបចំ និងធានាសុវត្ថិភាពសម្រាប់បេសកកម្មរបស់អធិការកិច្ចមកពីអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី (OPCW)។
ដោយសារតែការវាយប្រហារនេះ ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ក្រុមអធិការកិច្ច OPCW ត្រូវបានបង្ខំចិត្តឲ្យលើកពេល ហើយអង្គការនេះនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីផលប៉ះពាល់។
គួរបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ីរី បានប្តេជ្ញាចិត្តកម្ចាត់ចោលអាវុធគីមីដែលនៅសេសសល់ពីសម័យអតីតមេដឹកនាំ បាស្សា អាល់អាសាដ។ ដោយឡែក ភាគីអ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺធ្វើឡើងដើម្បីការពារសហគមន៍ជនជាតិភាគតិច Druze នៅភាគខាងត្បូងប្រទេសស៊ីរី៕