Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ លោក ត្រាំ គ្រោងនឹងទៅទស្សនកិច្ចប៉ាគីស្ថាន ក្នុងខែកញ្ញា

17-07-2025 18:53

(អ៊ីស្លាម៉ាបាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក្នុងខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទូរទស្សន៍ក្នុងស្រុកចំនួនពីរ ដែលដឹងពីបញ្ហានេះ។

ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែន វានឹងជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ ដែលប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចច ដាប់បិលយូ ប៊ូស (George W. Bush) កាលពីឆ្នាំ២០០៦។ របាយការណ៍ក៏បានបន្ថែមថា លោក ត្រាំ នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌាបន្ទាប់ពីនោះផងដែរ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានបានអះអាងថា លោកមិនបានដឹងពីដំណើរទស្សនកិច្ចនេះទេ ខណៈដែលស្ថានទូតអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដ បានឆ្លើយតបថា «យើងគ្មានអ្វីត្រូវប្រកាសនោះទេ»។ ការចុះផ្សាយនេះកើតឡើងបន្ទាប់ពីទំនាក់ទំនងអាមេរិក-ប៉ាគីស្ថាន មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងតាមរយៈជំនួបដែលមិនធ្លាប់មានពីមុនមករវាងលោក ត្រាំ និងអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន កាលពីខែមុន៕