Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង ទទួលរងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បណ្តាលឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និងជាង១០០០នាក់ត្រូវជម្លៀសខ្លួន (Video inside)

17-07-2025 13:29

(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា មនុស្សយ៉ាងហោច២នាក់ បានបាត់បង់ជីវិត និងជាង១០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍នេះ ផ្នែកខ្លះនៃតំបន់ South Chungcheong នៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល បានមើលឃើញទឹកភ្លៀងធ្លាក់ក្នុងកម្រិតប្រមាណជាង៤០០មីលីម៉ែត្រ ចាប់តាំងតែពីថ្ងៃពុធមក។ កម្រិតភ្លៀងធ្លាក់នៅតំបន់នោះ គឺជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានក្នុងរយៈពេលជាង១០០ឆ្នាំ ខណៈអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង បានព្យាករថា ការធ្លាក់ភ្លៀងនឹងបន្តដល់យប់ថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា ការប្រកាសអាសន្នអំពីគ្រោះរអិលបាក់ដី ក៏ត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុតផងដែរ សម្រាប់តំបន់មួយចំនួន រួមមានទាំងតំបន់ Chungcheong ស្របពេលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។ នៅឯទីក្រុង Gwangju ដែលមានចម្ងាយ២៦៧គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងសេអ៊ូល ផ្លូវថ្នល់៨៧ខ្សែ និងអគារ៣៨ខ្នង បានជន់លិចក្រោមទឹក ក្រោយការចេញសារព្រមានអំពីការធ្លាក់ភ្លៀងខ្លាំង បានរយៈពេល២ម៉ោង។ សាលារៀនប្រមាណ៤០៣កន្លែង ត្រូវបានបិទទ្វារ ហើយ១៦៦កន្លែង បានរាយការណ៍ពីការខូចខាត ដោយសារតែភ្លៀងធ្លាក់យ៉ាងជោគជាំនេះ៕