ការនាំចេញ-នាំចូលរបស់ចិន មានកំណើនតិចតួច ខណៈថ្ងៃឱសានវាទនៃពន្ធគយអាមេរិកជិតមកដល់ (Video inside)
14-07-2025 11:53
(ប៉េកាំង)៖ ការនាំចេញរបស់ចិនទទួល ហាក់មានសន្ទុះនៅក្នុងខែមិថុនា រីឯការនាំចូលក៏បានស្ទុះងើបឡើងវិញផងដែរ ខណៈអ្នកនាំចេញប្រញាប់ប្រញាល់ធ្វើការដឹកជញ្ជូន អំឡុងពេលនៃបទឈប់បាញ់ដ៏ផុយស្រួយ ក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ដែលនឹងផុតកំណត់នាខែសីហាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥។
ការនាំចេញទៅក្រៅប្រទេសរបស់ចិន បានកើនឡើង ៥.៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយវ៉ាដាច់ការព្យាករជាមធ្យម សម្រាប់កំណើន ៥ភាគរយ នៅក្នុងការស្ទង់មតិពីអ្នកសេដ្ឋកិច្ចរបស់ Reuters។ ចំណែកការនាំចូលបានកើនឡើងវិញ ១.១ភាគរយ បន្ទាប់ពីធ្លាក់ចុះ ៣.៤ក្នុងខែឧសភា។
យ៉ាងនេះក្តី កំណើននៃការនាំចេញបានថយចុះមកនៅត្រឹមអត្រា ៤.៨ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីកើនឡើងខ្ពស់ជាងតួលេខនេះ នៅក្នុងខែមីនា និងខែមេសា ដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក ហាក់ដូចជាមានស្ថិរភាពនៅក្នុងខែមិថុនា បន្ទាប់ពីអ្នកចរចានៃប្រទេសទាំងពីរ យល់ព្រមស្តារឡើងវិញនូវបទឈប់បាញ់ដ៏ផុយស្រួយ ដែលសម្រេចបានអំឡុងកិច្ចចរចា នៅទីក្រុងហ្សឺណែវ ក្នុងខែឧសភា។ ទីក្រុងប៉េកាំង មានពេលរហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសេតវិមាន៕