Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ៖ ពន្ធ ៥០ភាគរយលើទង់ដែង នឹងត្រូវអនុវត្តជាមួយផលិតផលដ៏ទៀត នៅថ្ងៃទី១ ខែសីហា (Video inside)

10-07-2025 11:30

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសនូវពន្ធថ្មីចំនួន ៥០ភាគរយលើទង់ដែង ដែលនឹងចាប់អនុវត្តរួមជាមួយផលិតផលផ្សេងទៀត នាថ្ងៃទី១ ខែសីហា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍក្នុងស្រុក នូវឧស្សាហកម្មប្រភេទណាដែលមានសារៈសំខាន់ ចំពោះវិស័យការពារជាតិ អេឡិចត្រូនិក និងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥។

សេតវិមាន នៅក្នុងខែកុម្ភៈ បានបញ្ជាឱ្យមានការពិនិត្យមាត្រាទី ២៣២ លើការនាំចូលទង់ដែង ដោយប្រើច្បាប់មួយ ដែលផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការដាក់ពន្ធខ្ពស់ ផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។ លោក ត្រាំ គូសបញ្ជាក់ថា «ទង់ដែង គឺចាំបាច់សម្រាប់ផលិតផល Semiconductors យន្តហោះចម្បាំង នាវា គ្រាប់រំសេវ Data Centers ថ្មអគ្គិសនី ប្រព័ន្ធរ៉ាដា ខែលប្រឆាំងមីស៉ីល និងសូម្បីតែអាវុធល្បឿនលឿនជាងសំឡេង ដែលយើងកំពុងផលិតយ៉ាងច្រើន»

តាមទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រ សហរដ្ឋអាមេរិក ពឹងផ្អែកលើការនាំចូលជិតពាក់កណ្តាលនៃតម្រូវការទង់ដែងចម្រាញ់រួច ហើយបាននាំចូល ៨១០ ០០០តោននៅក្នុងឆ្នាំ ២០២៤។ ប្រទេស​ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ពន្ធថ្មីនេះ ​គឺ​​ឈីលី កាណាដា និង​ម៉ិកស៉ិក ដែល​ជា​អ្នក​ផ្គត់ផ្គង់​ដ៏ធំសម្រាប់ទង់ដែង​ចម្រាញ់រួច លោហធាតុ​ស្ពាន់ និង​ផលិតផល​ទង់ដែង​ ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២៤៕