Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញអាវុធគីមីប្រើនៅអ៊ុយក្រែន (Video inside)

08-07-2025 15:15

(ឡុងដ៏)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទសប្តាហ៍នេះ បានកំណត់គោលដៅលើជនជាតិរុស្ស៉ី ២នាក់ និងក្រុមហ៊ុនមួយរបស់រុស្ស៉ី ជាផ្នែកនៃការដាក់ទណ្ឌកម្មទាក់ទងនឹងអាវុធគីមី ដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ ២០២៥។

រដ្ឋាភិបាលអង់គ្លេសនិយាយថា មានការបង្កកទ្រព្យសម្បត្តិ និងហាមប្រាមធ្វើដំណើរលើ លោក Aleksey Viktorovich Rtishchev ដែលជាប្រធាន និងលោក Andrei Marchenko ជាអនុប្រធាននៃអង្គភាពកងទ័ពការពារជាតិ ខាងគីមី និងជីវសាស្រ្តរបស់រុស្ស៉ី សម្រាប់តួនាទីរបស់ពួកគេក្នុងការបញ្ជូន និងប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែន។ ចំណែក ក្រុមហ៊ុនរុស្ស៉ីមួយនៅក្រោមក្រុមហ៊ុន Rostec State Corporation ត្រូវបានដាក់ទណ្ឌកម្ម សម្រាប់ការផ្គត់ផ្គង់គ្រាប់បែកគីមី RG-Vo ដល់យោធារុស្ស៉ី។

គួរបញ្ជាក់ថា បើតាមការចោទប្រកាន់របស់រដ្ឋាភិបាលអង់គ្លេស គ្រាប់បែកគីមី ត្រូវបានប្រើប្រាស់​ជាមធ្យោបាយមួយ សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំង​​អ៊ុយក្រែន ​ដែល​ផ្ទុយ​នឹង​អនុសញ្ញា​អាវុធ​គីមី។ ជុំវិញការដាក់ទណ្ឌកម្មនេះ ស្ថានទូតរុស្ស៉ីនៅទីក្រុងឡុងដ៍ មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នៅឡើយទេ៕