ប្រធានាធិបតីហ្វីលីពីន៖ «ISIS ចូលមកដល់ហ្វីលីពីនហើយ ដូច្នេះសូមបំភ្លេចពីសិទ្ធិមនុស្សទៅ»
14-11-2016 20:12
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានព្រមាននៅថ្ងៃចន្ទនេះថា ក្រុមសកម្មប្រយុទ្ធ ISIS ដែលត្រូវបណ្ដេញចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី អាចនឹងធ្វើដំណើរមកកាន់ហ្វីលីពីន ហើយបើសិនជារឿងនេះកើតឡើងមែននោះ គេគួរតែបំភ្លេចចោលកាតព្វកិច្ចស្ដីពីសិទ្ធិមនុស្ស ដើម្បីសន្តិសុខប្រជាជន។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទរកថាស្ដីពីការពង្រឹងច្បាប់ លោក ឌូធើតេ បានកត់សម្គាល់ថា ខេត្ត Mindanao នៃភាគខាងត្បូង ហ្វីលីពីន បានក្លាយទៅជាជម្រករបស់ក្រុមភេរវករ Abu Sayyaf ទៅហើយដែលក្រុមមួយនេះបានស្បថដើរតាមមាគ៌ាក្រុម ISIS។ ប្រធានាធិបតីហ្វីលីពីន បន្ថែមថា «នៅពេលក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ាបាត់បង់ មូលដ្ឋានរបស់ពួកវា ច្បាស់ណាស់ពួកវាអាចនឹងធ្វើដំណើរមកទីនេះ (ហ្វីលីពីន) ដូច្នេះយើងត្រូវតែត្រៀមខ្លួនជាមុន។ ម្យ៉ាងទៀតខ្ញុំក៏នឹងមិនបណ្ដោយប្រជាជនរបស់ខ្ញុំ ត្រូវបានគេសម្លាប់ ដោយសារតែរឿងសិទ្ធិមនុស្សនោះដែរ។
សូមជំរាបថា បើតាមលោកឌូធើតេ ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដើម្បីបញ្ជៀសលំហូរចេញឬចូលនៃក្រុមភេរវករ មកក្នុងប្រទេសរបស់ពួកគេ៕