Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការធនធានទឹក​ និងពុទ្ធ​បរិស័ទ ដង្ហែអង្គកឋិនចូលវត្តអញ្ចាញ ស្រុកមង្គលបូរី ​ប្រមូលបានបច្ច័យជិត៨០លានរៀល ទុកកសាងសមទ្ធិផលក្នុងវត្ត

13-11-2016 16:30

(បន្ទាយមានជ័យ)៖ លោក​ គោ ស៊ុំសារឿត ​រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីមួយ ដង្ហែរចូលវត្តទក្ខិណគង្គារាម ហៅវត្តអញ្ចាញ ស្ថិតនៅក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយប្រមូលបានបច្ច័យជិត៨០លានរៀល ដើម្បីទុកកសាសមទ្ធិផលនានាក្នុងវត្តបន្តទៀត។

តាមប្រសាសន៍របស់លោកអាចារ្យ បានឲ្យដឹងថា បច្ច័យដែលទទួលបានទាំងនោះ មួយចំនួនសម្រាប់ចាក់បេតុងក្នុងទីធ្លាវត្ត ដើម្បីឲ្យមានសោភ័ណភាពល្អ សមជាទីកន្លែងគោរពបូជា ក្នុងព្រះពុទ្ធសាសនា។

លោកអាចារ្យក៏បានរៀបរាប់ពីប្រវត្តិបុណ្យកឋិនទានដែរថា ជាបុណ្យមួយដ៏សំខាន់ខាងផ្នែកព្រះពុទ្ធចក្រ ដែលប្រារព្ធធ្វើឡើងរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដើម្បីបំពេញតម្រូវការជាក់ស្តែងដល់ព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីវត្តអារាមនានា ក៏ដូចជាការរួមចំណែក កសាងទីសេនាសនៈ និងសមិទ្ធផលក្នុងវត្ត ព្រមទាំងរួមចំណែកលើកកម្ពស់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានថ្កុំថ្កើនរុងរឿង តរៀងទៅ។

ក្នុងឱកាសនោះដែរ លោក​ គោ ស៊ុំសារឿត និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទ ក៏បានវេរប្រគេនបច្ច័យដល់ព្រះសង្ឃ ជាង៦០លានរៀល​ ដើម្បីចាត់ចែងតាមតម្រូវការរបស់វត្ត។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានប្រគេនបច្ច័យដល់ភិក្ខុសង្ឃក្រាលគ្រងចំនួន ៧អង្គ ក្នុង១អង្គៗបច្ច័យ ២០ម៉ឺនរៀល និងនេនទាំងអស់ចំនួន ៣២អង្គ ក្នុង១អង្គៗបច្ច័យ ១០ម៉ឺនរៀលផងដែរ៕