មនុស្ស ២នាក់ស្លាប់ ក្នុងការវាយប្រហារលើក្រុមមន្ត្រីពន្លត់អគ្គិភ័យ ក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិក (Video inside)
30-06-2025 09:50
(LOS ANGELES)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាមនុស្សយ៉ាងហោច ២នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា នៅពេលក្រុមអ្នកពន្លត់អគ្គិភ័យដែលកំពុងប្រយុទ្ធ តតាំងនឹងភ្លើងឆេះព្រៃ រងការបាញ់ប្រហារពីខ្មាន់កាំភ្លើង នៅរដ្ឋ Idaho សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ភ្លើងឆេះព្រៃបានឆាបឆេះនៅឯជើងភ្នំក្នុងតំបន់ Kootenai County ជាឧទ្យាន និងតំបន់សម្រាប់អ្នកឡើងភ្នំដ៏មានប្រជាប្រិយភាពមួយ ខណៈក្រុមមន្ត្រីអនុវត្តច្បាប់បានបាញ់គ្នា ទៅវិញទៅមកជាមួយខ្មាន់កាំភ្លើងម្នាក់ ឬច្រើននាក់។ «មកទល់នឹងពេលនេះ មានមនុស្ស ២នាក់បានស្លាប់។ យើងមិនទាន់ដឹងច្បាស់ពីចំនួនអ្នកស្លាប់ ឬរងរបួសនោះទេ»។ នេះជាការគូសបញ្ជាក់របស់មន្ត្រីប៉ូលិសក្នុងតំបន់ ដោយបន្ថែមថាអ្នកដែលស្លាប់ទាំង២នាក់ខាងលើជាមន្ត្រីពន្លត់អគ្គិភ័យ។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងវែង នៅក្នុងពេលបើកការបាញ់ប្រហារលើក្រុមមន្ត្រីពន្លត់អគ្គិភ័យ ហើយបច្ចុប្បន្នក្រុមមន្ត្រីប៉ូលិសអាមេរិក កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង៕