Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប ស្នើឱ្យអ៉ីរ៉ង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ និងចៀសវាងភាពតានតឹងកាន់តែខ្លាំង (Video inside)

17-06-2025 11:52

(KANANASKIS, កាណាដា)៖ អ្នកការទូតបារាំងម្នាក់ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប បានប្រាប់សមភាគីអ៉ីរ៉ង់ នៅក្នុងការអំពាវនាវមួយកាលពីថ្ងៃចន្ទ ឱ្យវិលត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងចៀសវាងជម្លោះកាន់តែខ្លាំងជាមួយអ៉ីស្រាអែល ខណៈរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ឆ្លើយតបមកវិញថា អាទិភាពរបស់ទីក្រុងតេហេរ៉ង់នាពេលនេះ គឺប្រឈមមុខនឹងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។

អ្នកការទូតរូបនេះនិយាយថា «បណ្តារដ្ឋមន្ត្រី បានជំរុញឱ្យអ៉ីរ៉ង់ត្រលប់ទៅតុចរចា ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយគ្មានលក្ខខណ្ឌជាមុន និងអំពាវនាវឱ្យអ៉ីរ៉ង់ ចៀសវាងការប្រឆាំងនឹងផលប្រយោជន៍របស់លោកខាងលិច»។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi គូសបញ្ជាក់វិញថា «អ៉ីរ៉ង់ មិនដែលចាកចេញពីតុចរចាទេ ប៉ុន្តែការផ្តោតអារម្មណ៍របស់ទីក្រុងតេហេរ៉ង់ នៅក្នុងដំណាក់កាលនេះ គឺដោះស្រាយការឈ្លានពានប្រកបដោយប្រសិទ្ធភាព»

គួរបញ្ជាក់ថា អ៉ីស្រាអែល បានបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃមួយសប្តាហ៍មុន និងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលអ្នកចរចាអាមេរិក និងអ៉ីរ៉ង់ ត្រូវបន្តការចរចារដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មី ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៉ីស្រាអែល​ ចាត់ទុក​ការ​វាយ​ប្រហាររបស់ខ្លួន ​គឺដើម្បីរារាំង​អ៉ីរ៉ង់​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ អ៉ីរ៉ង់​បាន​បដិសេធ​ និងបានធ្វើការ​វាយប្រហារសងសឹក​វិញ៕