ប្រមុខ NATO ចង់ឱ្យបក្សសម្ព័ន្ធយោធានេះ បង្កើនសមត្ថភាពការពារដែនអាកាសរហូតដល់ ៤០០ភាគរយ (Video inside)
09-06-2025 15:44
(ឡុងដ៍)៖ នៅថ្ងៃចន្ទ ទី៩ ខែមិថុនា អគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte ត្រូវបានរំពឹងថា នឹងអំពាវនាវឱ្យ NATO បង្កើនសមត្ថភាពការពារដែនអាកាសនិងមីស៉ីល រហូតដល់៤០០ភាគរយ ដើម្បីឆ្លើយតបការគំរាមកំហែងពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
«យើងមើលឃើញនៅអ៊ុយក្រែន អំពីរបៀបដែលរុស្ស៉ីនាំយកភាពភ័យខ្លាចមកតាមលំហអាកាស ដូច្នេះហើយពួកយើងនឹងនាំគ្នា ពង្រឹងខែលដែលការពារដែនអាកាសរបស់យើង។ ដើម្បីរក្សាសមត្ថភាពកំញើញសត្រូវ និងការពារខ្លួនឱ្យរឹងមាំ NATO ត្រូវតែបង្កើន៤០០% ក្នុងការការពារដែនអាកាសនិងមីស៉ីល»។ លោក Rutte ត្រូវគេរំពឹងថា នឹងធ្វើការអំពាវនាវបែបនេះ អំឡុងសុន្ទរកថាមួយ ទៅកាន់វិទ្យាស្ថានស្រាវជ្រាវកិច្ចការអន្តរជាតិ Chatham House នៅទីក្រុងឡុងដ៍ នាថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា អំឡុងចុងខែនេះ NATO នឹងត្រូវបើកកិច្ចប្រជុំកំពូលរបស់ខ្លួន នៅប្រទេសហូឡង់ ជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យបណ្តាប្រទេសជាសមាជិក ប្រកាសបង្កើនការចំណាយឱ្យកាន់តែខ្ពស់ ក្នុងកញ្ចប់ថវិកាយោធារបស់ពួកគេ។ លោក ត្រាំ ចង់ឱ្យសមាជិក NATO បង្កើនការចំណាយលើវិស័យការពារជាតិ ដល់៥ភាគរយនៃ GPD លើសពីកម្រិតបច្ចុប្បន្នគឺ២ភាគរយ។ ក្រុមប្រទេស NATO បានស្វះស្វែងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចាប់តាំងតែពីពេលរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕