អ៉ីស្រាអែល អះអាងពីការវាយប្រហារលើបណ្តាញរបស់ហាម៉ាស នៅភាគខាងត្បូងប្រទេសស៉ីរី (Video inside)
09-06-2025 11:56
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ យោធាអ៉ីស្រាអែល បានអះអាងថា ខ្លួនបានវាយប្រហារលើបណ្តាញរបស់ក្រុមហាម៉ាស នៅឯភូមិ Mazraat Beit Jin ភាគខាងត្បូងប្រទេសស៉ីរី។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។
មិនទាន់មានការបញ្ជាក់ពីក្រុមហាម៉ាសនៅឡើយទេ ខណៈដែលការវាយប្រហារនេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ៉ីស្រាអែល បើកការវាយប្រហារតាមអាកាសលើកដំបូងនៅស៉ីរី ក្នុងរយៈពេលជិតមួយខែ។
ថ្មីៗនេះ មីស៉ីលពីរគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសស៉ីរី សំដៅមកអ៉ីស្រាអែលជាលើកដំបូង ក្រោមការដឹកនាំរបស់មេដឹកនាំស៉ីរីថ្មី។ ក្រុមមួយដែលមានគេស្គាល់តិចតួចហៅថា «Martyr Muhammad Deif Brigades» ដែលដាក់ឈ្មោះតាមមេដឹកនាំហាម៉ាស់ Muhammad Deif ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីឆ្នាំ ២០២៤ បានចេញមុខទទួលខុសត្រូវចំពោះការបាញ់ផ្លោងនោះ៕