អ៉ីរ៉ង់ ថាសំណើថ្មីរបស់អាមេរិកសម្រាប់កិច្ចចរចា មិនមានផែនការបន្ធូរបន្ថយទណ្ឌកម្មនោះទេ (Video inside)
09-06-2025 09:59
(តេហេរ៉ង់)៖ ប្រធានសភារបស់ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យ ទី៨ ខែមិថុនាថា សំណើថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ មិនមានបញ្ចូលនូវការដកទណ្ឌកម្មនោះទេ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការចរចាហាក់ដូចជាមកដល់ផ្លូវគាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។
ចាប់តាំងពីខែមេសា សហរដ្ឋអាមេរិក-អ៉ីរ៉ង់បានធ្វើកិច្ចចរចាចំនួន ៥ជុំ ក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់។ បញ្ហាសំខាន់ៗនៃការចរចា គឺការដកទណ្ឌកម្មសេដ្ឋកិច្ច និងការកំណត់លើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bagher Ghalibaf បញ្ជាក់ថា ផែនការរបស់សហរដ្ឋអាមេរិក មិនសូម្បីតែនិយាយអំពីការដកទណ្ឌកម្ម។ វាជាសញ្ញានៃភាពមិនស្មោះត្រង់ ដែលទីក្រុងតេហេរ៉ង់ នឹងមិនទទួលយកឡើយ។ ប្រធានាធិបតីអាមេរិក (លោក ត្រាំ) គួរតែដឹងច្បាស់ ហើយផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន បើពិតជាចង់បានកិច្ចព្រមព្រៀង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់ជាយូរមកហើយថា អ៉ីរ៉ង់ចង់ផលិតអាវុធនុយក្លេអែរ ប៉ុន្តែអ៉ីរ៉ង់តែងតែបដិសេធ ដោយនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងស៉ីវិលប៉ុណ្ណោះ៕