Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លៀងធ្លាក់ខ្លាំងនៅចិន បង្កការបាក់ដី ស្លាប់ ២នាក់ និង ១៩នាក់បាត់ខ្លួន (Video inside)

22-05-2025 19:36

(ប៉េកាំង)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កឲ្យមានការបាក់ដីនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ដោយអាជ្ញាធរបានបញ្ជូនកងទ័ពទៅជួយ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អ្នកស្លាប់ទាំងពីរនាក់ត្រូវបានរកឃើញនៅក្នុងស្រុក Changshi។ ការបាក់ដីបន្ថែមទៀតក៏បានវាយប្រហារភូមិ Qingyang ដែលនៅក្បែរនោះ ដោយបានកប់មនុស្ស ១៩នាក់មកពី ៨គ្រួសារផ្សេងគ្នា។ អាជ្ញាធរបានចេញការព្រមានពីហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រនៅក្នុងតំបន់ក្បែរនោះផងដែរ។

អាជ្ញាធរចិនបានប្រកាសដាក់តំបន់ភ្នំ Guizhou ព្រមទាំងខេត្តជិតខាង Hunan និង Jiangxi ក្នុងស្ថានភាពប្រកាសអាសន្នកម្រិតទីបី ដោយសារភ្លៀងធ្លាក់ខ្លាំង។ បុគ្គលិកសង្គ្រោះបន្ទាន់ជាង ៤០០នាក់ រួមទាំងមន្ត្រីយោធា និងអ្នកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ។

ប្រទេសចិន កំពុងប្រឈមនឹងរលកកម្ដៅកាន់តែខ្លាំង និងភ្លៀងធ្លាក់មិនអាចទាយទុកមុនបាន ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ កាលពីសប្តាហ៍មុន ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Guangdong និងតំបន់ Guangxi ភាគខាងត្បូង បានសម្លាប់មនុស្ស ៧នាក់ និងធ្វើឲ្យជាច្រើននាក់បាត់ខ្លួន។

ទិន្នន័យឧតុនិយមចិនបានបង្ហាញថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតសម្រាប់ប្រទេសនេះ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាង ៦ទសវត្សរ៍មុន ដែលនេះជាឆ្នាំទីពីរជាប់ៗគ្នាហើយដែលបំបែកកំណត់ត្រាអាកាសធាតុក្តៅ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិដែលទាក់ទងនឹងអាកាសធាតុ កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសចិន ដែលមានប្រជាជនច្រើន និងតំបន់ភូមិសាស្ត្រងាយរងគ្រោះ៕