នាយករដ្ឋមន្រ្តីកាណាដា បញ្ជាក់ពីការគាំទ្រចំពោះអ៊ុយក្រែន អំឡុងជំនួបលើកដំបូងជាមួយ លោក ហ្សេលេនស្គី (Video inside)
18-05-2025 11:42
(អូតាវ៉ា)៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Mark Carney បានបញ្ជាក់សាជាថ្មី នូវការគាំទ្ររបស់ប្រទេសលោកសម្រាប់អ៊ុយក្រែន ក្នុងជំនួបទល់មុខជាលើកដំបូងជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាប់តាំងពីជាប់ឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជាការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។
គួរបញ្ជាក់ថា មេដឹកនាំទាំងពីរបានជួបគ្នា អំឡុងពេលនៅទីក្រុងរ៉ូម ដើម្បីចូលរួមពិធីអភិបូជាលើកដំបូង របស់សម្តេចប៉ាបថ្មី ឡេអូ នាថ្ងៃអាទិត្យនេះ នៅឯបុរីវ៉ាទីកង់។ លោក Carney ក៏បានជួបមេដឹកនាំពិភពលោកដទៃទៀតផងដែរ រួមមានដូចជា នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni, ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von de Leyen នៅមុនកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដា នាខែមិថុនា៕