ស្រីលង្កា នឹងប្រើ AI ដើម្បីត្រួតពិនិត្យតៃកុងរថយន្តក្រុង បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ២៣នាក់
15-05-2025 11:55
(កូឡុំបូ)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសស្រីលង្កា លោក Bimal Rathnayake បានឱ្យដឹងថា ស្រីលង្កា នឹងប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីត្រួតពិនិត្យអ្នកបើកបររថយន្តក្រុង ហើយតម្រូវឱ្យពាក់ខ្សែក្រវាត់សុវត្ថិភាពជាដាច់ខាត ចំពោះមធ្យោបាយដឹកជញ្ជូនសាធារណៈនានា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៥។
លោក Rathnayake បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកូឡុំបូថា រថយន្តក្រុងនឹងត្រូវបំពាក់ដោយប្រព័ន្ធ AI ចាប់ពីឆ្នាំ ២០២៦ ខណៈដែលការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងក្លាយទៅជាកាតព្វកិច្ច ចាប់ពីខែមិថុនា។ វិធានការនេះមានគោលបំណង អប់រំបន្ថែមអំពីរបៀបបើកបរ និងស្តង់ដារសុវត្ថិភាព។
ចំណាត់ការថ្មីនេះត្រូវបានដាក់ចេញ បន្ទាប់ពីរថយន្តក្រុងផ្ទុកមនុស្សលើសចំណុះមួយគ្រឿង ដោយដឹកពុទ្ធសាសនិកធ្វើធម្មយាត្រារាប់សិបនាក់ បានធ្លាក់ចូលទៅក្នុងជ្រោះមួយ កាលពីថ្ងៃអាទិត្យ។ តាមលោក Rathnayake មូលហេតុកំពុងត្រូវបានស៉ើបអង្កេតនៅឡើយ ប៉ុន្តែអ្នកដំណើរពីរនាក់ទៀតបានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៣នាក់៕