Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន និងប្រេស៉ីល ឯកភាពគ្នាការពារការធ្វើពាណិជ្ជកម្មដោយសេរី (Video inside)

14-05-2025 11:13

(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ចិន និងប្រេស៉ីល បានសន្យាការពារការធ្វើពាណិជ្ជកម្មដោយសេរី និងពហុភាគីនិយម ជាមួយនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ចំពោះមុខភាពមិនច្បាស់លាស់ជាសកល ដែលបង្កឡើងដោយពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ថា «ប្រទេសទាំងពីរគួរតែប្រឆាំងដាច់ខាតនូវលទ្ធិឯកតោភាគី គាំពារនិយម និងទង្វើសម្លុតគំរាម»។ ចំណែក លោក Lula បាននិយាយថា «ទំនាក់ទំនងរវាងចិន និងប្រេស៉ីលក្នុងពេលនេះ គឺចាំបាច់ជាងពេលណាៗទាំងអស់»។

លោក Xi និងលោក Lula បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន ២០ រួមទាំង​កិច្ច​ព្រម​ព្រៀង​ដែល​រំពឹង​ទុក​ខ្ពស់​ សម្រាប់​ការ​នាំ​ចេញ​កសិផល​របស់​ប្រេស៉ីល​បន្ថែម​ទៀត​ ទៅកាន់​ប្រទេស​ចិន។ ក្រៅពីនោះ ការដោះដូររូបិយប័ណ្ណ ការរុករករ៉ែ និងកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ ក៏ត្រូវបានសម្រេចផងដែរ។

គួរបញ្ជាក់ថា លោក Lula ស្ថិតនៅក្នុងទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃ ដោយលោកត្រូវចូលរួមវេទិកាកម្រិតខ្ពស់មួយនៅទីនោះ រួមជាមួយក្រុមមន្ត្រីមកពីតំបន់អាមេរិកឡាទីន និង Caribbean៕