Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង់ក្លាដែស៖ គណបក្សរបស់អតីតមេដឹកនាំលោកស្រី Sheikh Hasina ត្រូវបានហាមប្រាមពីការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត

13-05-2025 15:30

(ដាក្កា)៖ គណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដែស បានហាមប្រាមគណបក្ស Awami League ដែលជាគណបក្ស របស់អតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina មិនឱ្យចុះឈ្មោះចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ ២០២៥។

ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយលោក Muhammad Yunus បានហាមប្រាមរាល់សកម្មភាពរបស់គណបក្ស Awami League ក្រោមច្បាប់ប្រឆាំងភេរវកម្ម។ រដ្ឋាភិបាល បានលើកពីការគំរាមកំហែងចំពោះសន្តិសុខជាតិ និងការស៉ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជុំវិញការស្លាប់របស់បាតុកររាប់រយនាក់ អំឡុងពេលមានបាតុកម្មទម្លាក់លោកស្រី Hasina ចេញពីអំណាច។

លេខាធិការនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Akhtar Ahmed បានប្រាប់អ្នកយកព័ត៌មានថា «ជាមួយនិងការហាមប្រាមដោយក្រសួងមហាផ្ទៃចំពោះ Awami League និងស្ថាប័នពាក់ព័ន្ធរបស់ខ្លួន គណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចផ្អាកការចុះបញ្ជីឈ្មោះ»

គួរបញ្ជាក់ថា នៅក្រោមច្បាប់បោះឆ្នោតរបស់ប្រទេសបង់ក្លាដែស គ្រប់គណបក្សនយោបាយ ត្រូវតែចុះនៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីចូលរួមក្នុងការបោះឆ្នោតសកល។ ការហាមប្រាមនេះមានន័យថា គណបក្ស Awami League ត្រូវបានដកសិទ្ធិជាផ្លូវការពីការប្រកួតប្រជែង នាពេលអនាគត៕