Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Macron៖ សំណើចរចារបស់លោក ពូទីន ជាមួយអ៊ុយក្រែន មិនទាន់គ្រប់គ្រាន់ទេ

11-05-2025 14:09

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា បាននិយាយថាសំណើរបស់លោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន សម្រាប់កិច្ចចរចាដោយផ្ទាល់រវាងរុស្ស៉ី និងអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបអំពាវនាវឱ្យមានបទឈប់បាញ់៣០ថ្ងៃ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Macron ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ខណៈចុះពីរថភ្លើងនៅក្នុងទីក្រុង Przemysl នៃប្រទេសប៉ូឡូញ ក្រោយពីរូបលោកបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន។ តាមលោក Macron លោក ពូទីនប្រហែលជាកំពុងស្វែងរកច្រកចេញ ប៉ុន្តែលោកក៏នៅតែចង់កេងចំណេញពេលវេលាផងដែរ។ លោក Macron បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា រួមដំណើរជាមួយមេដឹកនាំអាល្លឺម៉ង់ អង់គ្លេស និងប៉ូឡូញ។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំអឺរ៉ុបទាំង៤ និងលោក ហ្សេលេនស្គី បានអំពាវនាវឱ្យមានបទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ។

នៅថ្ងៃអាទិត្យនេះដែរ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅថ្ងៃទី១៥ ខែឧសភា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។ តាមលោក ពូទីន រុស្ស៉ីបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ក្នុងចេតនាលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម និងសម្រេចឱ្យបាន ការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។

ក៏ប៉ុន្តែ លោក ពូទីន មិនបាននិយាយពីបទឈប់បាញ់រយៈពេល៣០ថ្ងៃ ស្នើឡើងដោយសហរដ្ឋអាមេរិក និងដែលអ៊ុយក្រែនបានយល់ព្រមទទួលយកនោះទេ៕