Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រទេស G7 អំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ក្នុងជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន (Video inside)

10-05-2025 11:28

(អូតាវ៉ា)៖ ក្រុមប្រទេស G7 បានចេញមុខអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងការអត់ធ្មត់ជាអតិបរមា នៅក្នុងជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ស្របពេលដែលប្រទេសមានអាវុធនុយក្លេអ៊ែទាំងពីរនេះ កំពុងឆ្ពោះទៅរកមាត់ជ្រោះ​នៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍ចេញដោយកាណាដា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យ ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ គឺកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមជាមួយសហភាពអឺរ៉ុប បានថ្កោលទោស ករណីវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប់មនុស្ស២៦នាក់ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា។ ឥណ្ឌាបានទម្លាក់កំហុសលើប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានបានបដិសេធ និងអំពាវនាវឱ្យមានការស៉ើបអង្កេតអព្យាក្រឹតមួយ។

សេចក្តីថ្លែងការណ៍របស់ G7 បានបន្តថា «ការកើនឡើងថែមទៀតនៃភាពតានតឹងផ្នែកយោធា បង្កការគំរាមកំហែងជាខ្លាំងចំពោះ​ស្ថិរភាពក្នុងតំបន់ ដូច្នេះហើយពួកយើងអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងលើកទឹកចិត្តឱ្យប្រទេសទាំងពីរអត់ធ្មត់ ហើយបើកកិច្ចសន្ទនាដោយផ្ទាល់រវាងគ្នា ដើម្បីឆ្ពោះទៅរកលទ្ធផលប្រកបដោយសន្តិភាព»

គួរបញ្ជាក់ថា ឥណ្ឌានិងប៉ាគីស្ថាន បានបន្តប៉ះទង្គិចគ្នាចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ នៅពេលឥណ្ឌាបានបើកការវាយប្រហារតាមផ្លូវអាកាស ចូលទឹកដីរបស់ប៉ាគីស្ថាន ហើយនៅថ្ងៃសៅរ៍នេះ ប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ដោយកំណត់គោលដៅលើមូលដ្ឋានទ័ពជាច្រើនកន្លែង។ បើតាមការប៉ាន់ស្មាន មនុស្សយ៉ាងហោច៤៨នាក់ បានស្លាប់ ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើង កាលពីថ្ងៃពុធ ដ្បិតតួលេខជាក់ស្តែង មិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់ច្បាស់នៅឡើយ៕