Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ាគីស្ថានអះអាងថា បានបាញ់ទម្លាក់ដ្រូនឥណ្ឌា ២៥គ្រឿង, ឥណ្ឌាវិញថាបានរារាំងការវាយប្រហារពីប៉ាគីស្ថាន

08-05-2025 18:38

(អ៊ីស្លាម៉ាបាដ)៖ ភាពតានតឹងផ្នែកយោធារវាងប៉ាគីស្ថាន និងឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងក្លានៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ដោយប៉ាគីស្ថានអះអាងថា បានបាញ់ទម្លាក់ដ្រូនរបស់ឥណ្ឌាចំនួន ២៥គ្រឿង ខណៈឥណ្ឌាបានបញ្ជាក់ថា ខ្លួនបានទប់ស្កាត់ការប៉ុនប៉ងវាយប្រហាររបស់ប៉ាគីស្ថាន និងបានធ្វើការវាយបកវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោក Ahmed Sharif Chaudhry បានថ្លែងថា កងកម្លាំងប៉ាគីស្ថានបានបាញ់ទម្លាក់ដ្រូន ដែលលោកអះអាងថាផលិតដោយអ៊ីស្រាអែល ចំនួន ២៥គ្រឿង ដែលបានចូលក្នុងដែនអាកាសរបស់ខ្លួននៅទីតាំងជាច្រើន។ លោកបានព្រមានថា ឥណ្ឌា «នឹងបន្តទទួលតម្លៃយ៉ាងសាកសម» ចំពោះការឈ្លានពាននេះ។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ប៉ាគីស្ថានបានព្យាយាមវាយប្រហារគោលដៅយោធាឥណ្ឌាមួយចំនួនកាលពីយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ ដោយប្រើដ្រូន និងមីស៊ីល ប៉ុន្តែត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាសឥណ្ឌា។ ជាការឆ្លើយតប កងកម្លាំងឥណ្ឌាបានវាយប្រហារលើរ៉ាដា និងប្រព័ន្ធការពារដែនអាកាសប៉ាគីស្ថានវិញនៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា ការឆ្លើយតបនេះគឺ «ក្នុងកម្រិតដូចគ្នា»។

គួរបញ្ជាក់ថា ការកើនឡើងចុងក្រោយនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ដែលជាការសងសឹកចំពោះការវាយប្រហារនៅតំបន់កាស្មៀរកាលពីថ្ងៃទី២២ ខែមេសា ដែលឥណ្ឌាចោទថាជាស្នាដៃរបស់ប៉ាគីស្ថាន។

ភាគីប៉ាគីស្ថានក៏បានរាយការណ៍ពីការបង្កើនកម្រិតបាញ់ប្រហារឆ្លងខ្សែបន្ទាត់ត្រួតពិនិត្យ (LoC) នៅតំបន់កាស្មៀរ ហើយបានអះអាងថា មនុស្ស ១៦នាក់បានស្លាប់នៅខាងភាគីឥណ្ឌា។ ភាពតានតឹងនេះ បានធ្វើឲ្យទីផ្សារភាគហ៊ុនប៉ាគីស្ថានត្រូវផ្អាកការជួញដូរ ក្រោយធ្លាក់ចុះជាង ៦% ខណៈដែលភាគហ៊ុន ប្រាក់រូពី និងមូលបត្របំណុលឥណ្ឌា ក៏បានធ្លាក់ចុះខ្លាំងផងដែរ៕