លោក ត្រាំ បញ្ជាឱ្យយកពន្ធ ១០០ភាគរយ លើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិក (Video inside)
05-05-2025 11:29
(វ៉ាស៉ីនតោន)៖ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងបញ្ជាឱ្យយកពន្ធថ្មីលើខ្សែភាពយន្តទាំងអស់ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា Hollywood ខាតបង់ក៏ព្រោះតែនិន្នាការនៃអ្នកផលិតភាពយន្តអាមេរិក និងការជ្រើសរើសប្រើស្ទូឌីយោបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ ២០២៥។
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំកំពុងផ្តល់សិទ្ធិឱ្យក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន្ត និងឱ្យពួកគេប្រើប្រាស់ស្ទូឌីយោផ្សេងពីអាមេរិក។ Hollywood និងកន្លែងទៀតកំពុងខាតបង់ធំធេង ដែលនេះស្មើនឹងការគំរាមកំហែងដល់សន្តិសុខជាតិ»។
គួរបញ្ជាក់ថា ក្រោយការប្រកាសរបស់ លោក ត្រាំ គេនៅមិនទាន់ប្រាកដទេ អំពីផលប៉ះពាល់សម្រាប់ឧស្សាហកម្មភាពយន្ត ឬថាតើពន្ធគយថ្មីនេះត្រូវអនុម័តតាមរបៀបណា៕