អ៉ីរ៉ង់បង្អួតមីស៊ីលបាលិស្ទីគស៊េរីថ្មី បាញ់បាន១២០០គីឡូម៉ែត្រ ក្នុងបរិបទតានតឹងជាមួយលោកខាងលិច (Video inside)
05-05-2025 09:49
(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា បានបញ្ចេញមីស៊ីលបាលិស្ទីគថ្មីមួយដំណើរការដោយប្រើឥន្ធនៈរឹងដែលអាចបាញ់បានរយៈចម្ងាយ ១២០០គីឡូម៉ែត្រ នៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយ លោកខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បាននិយាយថាមីស៊ីលបាលិស្ទីគខាងលើមានឈ្មោះថា Ghassem Basir អាចបាញ់បានរយៈចម្ងាយយ៉ាងហោច ១២០០គីឡូម៉ែត្រ និងជាសមិទ្ធផលចុងក្រោយនៃវិស័យការពារជាតិរបស់អ៉ីរ៉ង់»។ ការបង្អួត មីស៊ីលរបស់អ៉ីរ៉ង់នេះធ្វើឡើង ខណៈបណ្ដាប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងសមត្ថភាពមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ដោយពួកគេចោទថាកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អ៉ីរ៉ង់ត្រូវបានគេជឿថាជាអ្នកគាំទ្រដល់ «axis of resistance» ដែលជាបណ្ដាញក្រុមប្រដាប់អាវុធមួយប្រឆាំងអ៉ីស្រាអែល ក្នុងនោះរួមមានក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ក្រុមហេសបូឡានៅលីបង់ ក្រុមហាម៉ាសក្នុង តំបន់ហ្កាហ្សា និងក្រុមប្រដាប់អាវុធស៊ីអ៉ីតនៅក្នុងប្រទេសអ៉ីរ៉ាក់។
កាលពីថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ចេញរូបភាពមីស៊ីល Ghassem Basir អំឡុងបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Aziz Nasirzadeh។ លោក Nasirzadeh បានលើកឡើងនៅក្នុងបទសម្ភាសន៍ នោះថា «ប្រសិនបើយើងរងការវាយប្រហារ ហើយសង្រ្គាមផ្ទុះឡើងប្រឆាំងនឹងពួកយើង យើងនឹងធ្វើការឆ្លើយតប ដោយនឹងកំណត់គោលដៅលើផលប្រយោជន៍របស់ពួកគេ និងមូលដ្ឋានទ័ពរបស់ពួកគេ»។ លោកបន្តថា «យើងមិនប្រកាន់ជំហរអមិត្តប្រឆាំងនឹងប្រទេសជិតខាងទេ ប៉ុន្តែមូលដ្ឋានទ័ពអាមេរិកគឺជាគោលដៅរបស់ពួកយើង»។
គួរបញ្ជាក់ថា មីស៊ីលស៊េរីថ្មីនេះត្រូវបានបង្ហាញក្រោយតេហេរ៉ង់ និងវ៉ាស៊ីនតោនរៀបចំកិច្ចចរចាស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ក្រោមការសម្របសម្រួលរបស់អូម៉ង់ ចំនួន៣លើករួចមកហើយចាប់តាំងពីថ្ងៃទី១២ ខែមេសាមក៕