Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយបន្តជាប់ឆ្នោត រដ្ឋាភិបាលអូស្រ្តាលី ថាការទប់ទល់ផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន គឺជាអាទិភាពចម្បង (Video inside)

04-05-2025 11:55

(កង់បេរ៉ា)៖ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា រដ្ឋមន្រ្តីរតនាគារជាតិអូស្រ្តាលី លោក Jim Chalmers បាននិយាយថា រដ្ឋាភិបាល នឹងផ្តោតអាទិភាពទៅលើការទប់ទល់ «ស្រមោលខ្មៅងងឹត» នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បន្ទាប់ពីបានបន្តទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Chalmers បានលើកឡើងដូច្នេះថា «ការផ្តោតសំខាន់ភ្លាមៗពេលនេះ គឺទៅលើភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហើយថាតើវាមានន័យយ៉ាងណាសម្រាប់យើង។ អ្វីដែលកំពុងកើតឡើង ជាពិសេសរវាងអាមេរិកនិងចិន គឺជះស្រមោលខ្មៅងងឹតលើសេដ្ឋកិច្ចពិភពលោក ដូច្នេះហើយយើងត្រូវមានសមត្ថភាព ហើយយើងច្បាស់ជានឹងមានសមត្ថភាព ដើម្បីទប់ទល់ដោះស្រាយភាពមិនច្បាស់លាស់នោះ»

ដោយឡែក មេដឹកនាំគណបក្សកាន់អំណាច Labor Party លោក Anthony Albanese ដែលនាពេលនេះក្លាយជា នាយករដ្ឋមន្រ្តីអូស្រ្តាលីដំបូងបំផុត ដែលឈ្នះ២អាណត្តិជាប់គ្នា ក្នុងរយៈពេល២ទសវត្សរ៍ បានសន្យាថា រូបលោកនឹងដឹកនាំរដ្ឋាភិបាលមួយ មានវិន័យត្រឹមត្រូវនិងរបៀបរាបរយល្អ ហើយលោកបានសង្កត់ធ្ងន់ថា ប្រជាជនអូស្រ្តាលីទាំងអស់ បានបោះឆ្នោតដើម្បីសាមគ្គីភាពជាតិ។

គួរបញ្ជាក់ថា គណបក្ស Labor Party ត្រូវគេរំពឹងថា នឹងពង្រីកអាសនៈសំឡេងភាគច្រើនរបស់ខ្លួន នៅក្នុងរដ្ឋសភារហូតដល់​យ៉ាងហោច៨៥អាសនៈ ពី៧៧អាសនៈនាពេលបច្ចុប្បន្ន ក្នុងចំណោមអាសនៈសរុប​ចំនួន១៥០។ មកទល់ពេលនេះ ២ភាគ៣នៃសន្លឹកឆ្នោតទាំងអស់ ត្រូវបានរាប់រួចរាល់ ហើយការរាប់នឹងបន្តនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕