Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ដកតំណែងទីប្រឹក្សាសន្តិសុខជាតិ លោក Waltz ហើយឱ្យលោក Rubio ធ្វើជំនួស (Video inside)

02-05-2025 11:32

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកតំណែងទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz ហើយចាត់ឱ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio កាន់តំណែងជំនួសជាបណ្តោះអាសន្ន បន្ថែមលើតួនាទីបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ ២០២៥។

លោក Rubio នឹងក្លាយជារដ្ឋមន្រ្តីដំបូងគេ ចាប់តាំងពីសម័យអតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិផង ក្នុងពេលដំណាលគ្នា។

លោក ត្រាំ បាននិយាយថា លោកនឹងឱ្យលោក Waltz ទៅធ្វើជាឯកអគ្គរដ្ឋទូតបន្ទាប់របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិវិញ ដោយបន្ថែមថាលោក Waltz ប្រឹងប្រែងធ្វើការណាស់ ដោយតម្កល់ផលប្រយោជន៍ប្រទេសជាតិធំ។ សម្រាប់លោក Rubio វិញ លោក ត្រាំ គូសបញ្ជាក់ថា «នៅពេលខ្ញុំមានបញ្ហា ខ្ញុំបានទូរស័ព្ទទៅ Marco ហើយគាត់ដោះស្រាយវាបាន»

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺជាលើកដំបូងនៅក្នុងគណៈរដ្ឋមន្រ្តីរបស់ លោក ត្រាំ ចាប់តាំងពីឡើងកាន់តំណែង ក្នុងខែមករា៕