អ៊ុយក្រែន ថាការវាយប្រហារដោយដ្រូនរុស្ស៉ី លើទីក្រុងកៀវ បណ្តាលឱ្យមនុស្សម្នាក់របួស (Video inside)
29-04-2025 15:05
(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារ ទី២៩ ខែមេសាថា រុស្ស៉ី បានធ្វើការវាយប្រហារដោយយន្តហោះដ្រូនពេញមួយយប់មកលើទីក្រុងកៀវ បណ្តាលឱ្យស្រ្តីម្នាក់របួស និងបង្កជាការឆាបឆេះនៅភាគឦសាននៃរដ្ឋធានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថា សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅ ឱ្យទៅកាន់សង្កាត់ Desnianskyi ដ៏ធំមួយរបស់ទីក្រុងកៀវ ជាកន្លែងដែលកំទេចកម្ទីដ្រូន បង្កឱ្យមានអគ្គីភ័យនៅអគារកម្សាន្ត និងធ្វើឱ្យស្ត្រីម្នាក់រងរបួស។ ប្រធានរដ្ឋបាលយោធាក្រុងកៀវ លោក Timur Tkachenko បាននិយាយថា ប្រព័ន្ធការពារដែនអាកាស ត្រូវបានដាក់ពង្រាយមុនម៉ោង ១ទាបភ្លឺឈានចូលថ្ងៃអង្គារ ដើម្បីព្យាយាមទប់ទល់ការវាយប្រហារ។ ភ្លាមៗនេះ គេមិនទាន់ដឹងអំពីទំហំនៃការខូចខាតនោះទេ។ ចំណែកភាគីរុស្ស៉ី ក៏មិនទាន់មានការអត្ថាធិប្បាយនៅឡើយ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៉ីបានវាយប្រហារលើរដ្ឋធានីអ៊ុយក្រែនដោយមីស៉ីល និងដ្រូន សម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។ ការណ៍នេះនាំឱ្យមានការស្តីបន្ទោសដ៏កម្រមួយ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងប្រឹងប្រែងបញ្ចប់សង្រ្គាម៕