អ៊ុយក្រែន ថាការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៉ី សម្លាប់មនុស្សម្នាក់ (Video inside)
27-04-2025 16:17
(កៀវ)៖ កងកម្លាំងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា បានឱ្យដឹងថារុស្ស៉ីបានវាយប្រហារដោយប្រើដ្រូន១៤៩គ្រឿង លើអ៊ុយក្រែនពេញមួយយប់ថ្ងៃសៅរ៍ម្សិលមិញ ខណៈអភិបាលម្នាក់ នៃតំបន់ ភាគខាងកើត រាយការណ៍ថាមនុស្សម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Serhiy Lysak ជាអភិបាលអ៊ុយក្រែននៃតំបន់ Dnipropetrovsk បាននិយាយថាបុរសម្នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង Pavlohrad ហើយក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ បានរងរបួស។
គួរបញ្ជាក់ថា បើតាមកងកម្លាំងទ័ពអាកាសអ៊ុយក្រែន ដ្រូន ៥៧គ្រឿង ក្នុងចំណោម ១៤៩គ្រឿងរបស់រុស្ស៉ី ត្រូវបានបាញ់ទម្លាក់ ខណៈ៦៧គ្រឿងបាត់ចេញពីរ៉ាដា ដោយមិនបានហោះទៅដល់គោលដៅនោះទេ៕