Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន៖ មនុស្សយ៉ាងហោច៩នាក់ស្លាប់ និងជាង៧០នាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៉ី លើទីក្រុងកៀវ (Video inside)

24-04-2025 14:27

(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា មនុស្សចំនួនយ៉ាងហោច៩នាក់ ត្រូវបានសម្លាប់ និងជាង៧០នាក់ទៀត បានរងរបួស ក្នុងការវាយប្រហារដោយមីស៉ីលនិងដ្រូនរបស់រុស្ស៉ី លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សំឡេងផ្ទុះត្រូវបានលឺសូរនៅពាសពេញទីក្រុងកៀវ ខណៈអាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា យោងតាមតួលេខជាបឋម មនុស្ស៩នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហារទ្រង់ទ្រាយធំនេះ ហើយ៧០នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងនោះរួមមានទាំងកុមារ។ ការវាយប្រហារតាមផ្លូវអាកាស នាថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមានការខូចខាត នៅសង្កាត់ចំនួន៥ នៃរដ្ឋធានីរបស់អ៊ុយក្រែន។ លើកចុងក្រោយ ដែលទីក្រុងកៀវ បានស្ថិតក្រោមការវាយប្រហាររបស់មីស៉ីល គឺកាលពីដើមខែមេសានេះ នៅពេលមនុស្ស៣នាក់ បានរងរបួស។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់កងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបានបាញ់មីស៉ីលយ៉ាងហោច៧០គ្រាប់ និងដ្រូន១៤៥គ្រឿង មកលើអ៊ុយក្រែន កាលពីអំឡុងវេលាយប់កន្លងទៅ។ ក្នុងថ្ងៃដដែលនេះ ទីក្រុង Kharkiv នៅភាគខាងកើតអ៊ុយក្រែន ក៏បានរាយការណ៍ ពីការវាយប្រហារដោយមីស៉ីលរុស្ស៉ី ផងដែរ។ ដោយឡែក កាលពីថ្ងៃពុធវិញ ការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៉ី បានចំត្រូវរថយន្តក្រុង១គ្រឿង នៅទីក្រុង Marhanets របស់អ៊ុយក្រែន ជាហេតុបណ្តាលឱ្យមនុស្សយ៉ាងតិច៩នាក់ស្លាប់ និងជិត៥០នាក់ផ្សេងទៀត រងរបួស៕