សិស្ស៦០០០០នាក់នៅមីយ៉ាន់ម៉ា ត្រូវប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវភ្លើងឆេះដែលបង្កឡើងដោយរញ្ជួយដី
22-04-2025 15:17
(ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី២២ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះ ក្នុងគ្រោះអគ្គីភ័យ បង្កឡើងដោយរញ្ជួយដីកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានផ្តាច់ជីវិតមនុស្សជាង៣៧០០នាក់ ខណៈទីក្រុង Mandalay ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ ក្រោយគ្រោះរញ្ជួយដីនោះ អគ្គីភ័យមួយបានកើតឡើង នៅសាកលវិទ្យាល័យ Mandalay University ហើយឆាបឆេះ សន្លឹកកិច្ចការរបស់សិស្សចំនួន៦២ ៩៥៤រូប ដែលស្ថិតក្រោមដំណើរការផ្តល់ពិន្ទុ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍នៅថ្ងៃអង្គារនេះ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ការប្រឡងសាឡើងវិញ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា។ កាលពីឆ្នាំមុន សិស្សសរុបប្រហែល១៣០ ០០០នាក់ បានធ្វើការប្រឡងចូលសាកលវិទ្យាល័យ នៅទូទាំងប្រទេស៕